អបអរសាទរ! ក្រុងកែបទទួលបានជ័យលាភីជាទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦

(វៀថចន្ទន៍)៖ ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះ ត្រូវបានធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីបណ្តាប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេស និងអង្គការដៃគូមួយចំនួនទៀត។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានឱ្យដឹងថា លទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងខេត្តកែប ដែលនេះជាមោទនភាពសម្រាប់ខេត្តកែប និងព្រះរាជាណាចក្រកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏បានចូលរួមអរអរសាទរចំពោះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរ៕

       
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២