មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់បើករថយន្តបុកអ្នកលក់ផ្លែឈើតាមចិញ្ចើមផ្លូវបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត

ពិតជាសង្វេគខ្លាំងណាស់ បុរសអ្នកលក់ផ្លែឈើនៅតាមផ្លូវម្នាក់ត្រូវបានរថយន្តប្រធានការិយាល័យបរិស្ថានស្រុកស្ទោងម្នាក់បើកបុកបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា១៤ និង២៥នាទីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

បើតាមមន្ត្រីប៉ូលីសចរាចរណ៍ស្រុកស្ទោង ដែលបានចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់នោះបានបើកបររថយន្តក្នុងស្ថានភាពស្រវឹងស្រា បង្កគ្រោះថ្នាក់ចរាចរណ៍ទៅបុកអ្នកលក់ផ្លែឈើនៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រកើតហេតុខាងលើ បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានយករថយន្តបង្កហេតុ និងរម៉កជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីបន្តតាមនីតិវិធីច្បាប់។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 
ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២