នេះបានគេហៅថាកំពូលអ្នកគាំទ្រ! បុរសអ្នកគាំទ្រម៉ាឡេស៊ីម្នាក់បានលក់ម៉ូតូជាទីស្រឡាញ់របស់ខ្លួន ដើម្បីបានទៅទស្សនាការប្រកួតផ្ទាល់របស់ក្រុមខ្លួន នៅប្រទេសកាតា

ភ្នំពេញ៖ អ្នកគាំទ្រជនជាតិម៉ាឡេស៊ីម្នាក់បានធ្វើឱ្យពិភពលោកផ្ទុះការចាប់អារម្មណ៍លើរូបគាត់យ៉ាងខ្លាំង ដោយសារតែគាត់គាំទ្រ និងស្រឡាញ់ស្មោះស្ម័គ្រទៅលើក្រុមបាល់ទាត់របស់ខ្លួនរហូតដល់ថ្នាក់ប្រកាសលក់ម៉ូតូជាទីស្រឡាញ់របស់គាត់ដើម្បីបានថវិកាទិញសំបុត្រយន្តហោះជិះទៅទស្សនាព្រឹត្តិការណ៍ប្រកួតដោយផ្ទាល់នៅប្រទេសកាតា ។

តាមការចុះផ្សាយលើ Page ASIAN FOOTBALL លោក 𝗚𝗮𝗻 បានប្រកាសដាក់ម៉ូតូរបស់ខ្លួនក្នុងតម្លៃ 𝗥𝗠4,500 ស្មើនឹង($𝟏,𝟐𝟕𝟕) នៅលើហ្វេប៊ុករបស់គាត់ ដើម្បីបានទៅទស្សនាការប្រកួតក្នុងជំនួបម៉ាឡេស៊ី និងកូរ៉េដោយផ្ទាល់។នៅទីបំផុតរូបគាត់ក៏បានសម្រេចក្តីស្រម៉ៃទៅទស្សនាការប្រកួតផ្ទាល់នៅទីនោះ។

ក្រុមបាល់ទាត់ ម៉ាឡេស៊ី ពិតជាធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរកគ្រាប់បាល់បានស្មើកូរ៉េខាងត្បូងក្នុងលទ្ធផល ៣-៣ ក្នុងវគ្គជម្រុះ តែសោកស្តាយម៉ាឡេស៊ីធ្លាក់ចេញពីព្រឹត្តិការណ៍ 𝗔𝘀𝗶𝗮𝗻 𝗖𝘂𝗽។ ស្របពេលនោះ 𝗚𝗮𝗻 ត្រូវបានកាមេរ៉ាចាប់ នៅពេលគាត់យំ ខណៈដែលគាត់ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្របាល់ទាត់ម៉ាឡេស៊ី។

ពានរង្វាន់ ជើងឯក ទ្វីប អាស៊ី  AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនោះ ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ ស្របពេលដែលក្រុមជម្រើសជាតិកាតា, ហ្សកដានី, តាជីគីស្ថាន និងអូស្ត្រាលី កក់កៅអីវគ្គ៨ក្រុមចុងក្រោយ។

បច្ចុប្បន្នក្រុមជម្រើសជាតិថៃ គឺជាក្រុមអាស៊ានតែមួយគត់ដែលអាចរក្សាកៅអីនៅក្នុង AFC Asian Cup 2023 ខណ:ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និង វៀតណាម ធ្លាក់ចេញដូចគ្នា។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯក ទ្វីបអាស៊ី  AFC Asian Cup 2023 ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនោះ មាន២៤ក្រុមចូលរួម ដោយកម្មវិធីប្រកួតចាប់ផ្តើមពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២