ដំណឹងល្អ! សត្វក្រៀលដ៏កម្រចំនួន ១៣ក្បាល ត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់

សត្វក្រៀលចំនួន ១៣ ក្បាល ត្រូវបានក្រុមការងារតាមដានជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាក្នុងខេត្តរតនគិរី ប្រទះឃើញ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ។ ចំនួនសត្វក្រៀលនេះបានកើនឡើងជាងពីរដង បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមានសត្វក្រៀលចំនួនតែ ៦ ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រា។

សត្វក្រៀលចំនួន ១៣ក្បាល ដែលក្នុងនោះមានកូនចំនួន ៥ក្បាល ត្រូវបានសង្កេតឃើញហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីនៅក្នុងភូមិគោលដៅរបស់គម្រោងរេដបូក។ ភូមិទាំងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ USAID មរតកបៃតង និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងរេដបូក នៅស្រុកលំផាត់។

បច្ចុប្បន្ន សត្វក្រៀលត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)ជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង។ សត្វស្លាបទាំងនេះក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការបាត់បងពីក្នុងប្រទេសកម្ពុជាផងដែរ ដោយសារតែការបាត់បង់ទីជម្រក ហើយវាត្រូវបានគេរកឃើញថាមានចំនួនប្រហែលតិចជាង ១០០ក្បាលប៉ុណ្ណោះនៅក្នុងប្រទេសកាលពីឆ្នាំមុន។

បច្ចុប្បន្ននេះ USAID មរតកបៃតង សហការជាមួយ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា អង្គការជីវិតធម្មជាតិនៅកម្ពុជា និង Rising Phoenix កំពុងធ្វើការរួមគ្នាដើម្បីការពារសត្វព្រៃ និងជម្រករបស់វា តាមរយៈការពង្រឹងការគ្រប់គ្រងព្រៃឈើ និងការគ្រប់គ្រងធនធានសត្វព្រៃនៅដែនជម្រកសត្វព្រៃលំផាត់ កែវសីមា និងសៀមប៉ាង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២