កម្មករដាក់ឥដ្ឋ៣នាក់បានរងរបួសធ្ងន់ ស្រាល ដោយសារដាក់ឥដ្ឋចំពីលើគ្រាប់មីននៅសល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះឮដូចគ្រាប់រន្ទះ

កម្មករដាក់ឥដ្ឋ៣នាក់បានរងរបួសធ្ងន់ ស្រាល នៅពេលពួកគេដាក់ឥដ្ឋចំពីលើគ្រាប់មីនបណ្តាលឱ្យវាផ្ទុះឡើងលាន់ឮដូចគ្រាប់រន្ទះ។ ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមមណ្ឌលកំចាត់មីនកម្ពុជា(CMAC)បានឱ្យដឹងថា បន្ទាប់ពីហេតុការណ៍នេះកើតឡើងភ្លាមកំលាំងជំនាញនៃអង្គភាពស៊ីម៉ាក់បានចូលទៅឆែកបើកផ្លូវសុវត្ថិភាពជុំវិញនោះ​ ទំហំដីតូចមួយទេ តែកម្លាំងជំនាញបានរកឃើញគ្រាប់មីនជិត១០០គ្រាប់​។ ចុះបើដីអភិវឌ្ឍន៍នោះមានដីរាប់រយហិកតា ស្ថិតនៅចំលើប្លង់ចម្ការមីនតែម្តងបែបនេះ​ មានន័យថានៅមានគ្រាប់ច្រើនណាស់ដែលនៅសេសសល់ នៅតែអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលាទាំងកំពុងអភិវឌ្ឍន៍ និងការប្រើប្រាស់ដីតំបន់នោះយូរអង្វែងតទៅបើសិនជាគ្មានការបោសសម្អាតគ្រាប់មីនចេញទេនោះ​។

ឯកឧត្តម ហេង រតនា បានបន្តទៀតថា ការអភិវឌ្ឍន៍ក្នុងតំបន់ចម្ការមីន ឬតំបន់សង្ស័យមានមីនឬសំណល់យុទ្ធភណ្ឌសង្គ្រាម​ ត្រូវតែធ្វើការបោសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះជាមុន​សិន ដើម្បីធានាសុខសុវត្ថិភាព និងអនុលោមតាមច្បាប់រដ្ឋ។

ករណីកម្មរដាក់ឥដ្ឋ៣នាក់ រងរបួសដោយសារផ្ទុះគ្រាប់មីននេះបានកើតឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុក វាលវែង ខេត្តពោធិ៍សាត់៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២