ឧត្តមសេនីយ៍ Mykola Oleshchuk មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែនបាននិយាយនៅលើបណ្តាញTelegram កាលពីថ្ងៃទី 31 ខែមករា ឆ្នាំ២០២៤ថា អាកាសយានដ្ឋាន Balbek នៅតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ីត្រូវបានវាយប្រហារ។ អាកាសយានដ្ឋាននេះ ស្ថិតនៅចម្ងាយពីរទៅបីគីឡូម៉ែត្រខាងជើងទីក្រុង Sevastopol ។


ឧត្តមសេនីយ៍ Oleshchuk បានចែករំលែកវីដេអូដែលបង្ហាញពីការផ្ទុះមួយ និងអរគុណ “អ្នកគ្រប់គ្នាដែលបានចូលរួមក្នុងការបោសសម្អាតវត្តមានរុស្ស៊ីចេញពីគ្រីមៀ”។ លោក Oleshchuk បាននិយាយដោយសំដៅដល់កងពលតូចអាកាសចរណ៍យុទ្ធសាស្ត្រ Sevastopol ទី 204 របស់អ៊ុយក្រែន ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋាន Balbek មុនពេលដែលរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀដោយខុសច្បាប់ក្នុងឆ្នាំ 2014 ថា “អាកាសយានិកអ៊ុយក្រែនពិតជានឹងត្រឡប់ទៅផ្ទះវិញទៅកាន់អាកាសយានដ្ឋានកំណើតរបស់ពួកគេ” ។


Ukrainska Pravda បានរាយការណ៍ថា ការវាយប្រហារលើមូលដ្ឋានទ័ពអាកាសត្រូវបានធ្វើឡើងដោយប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ Scalp/Storm Shadow នេះបើតាមការដកស្រង់ប្រភពពីយោធា។

Oleshchuk បានរាយការណ៍កាលពីថ្ងៃទី 6 ខែមករាថា កងកម្លាំងអាកាសអ៊ុយក្រែនបានធ្វើការវាយប្រហារ ដោយជោគជ័យប្រឆាំងនឹងមូលដ្ឋានអាកាស Saky ដែលមានចម្ងាយ 50 គីឡូម៉ែត្រទៅភាគខាងជើងនៃទីក្រុង Sevastopol ។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានរាយការណ៍ពីការវាយប្រហារដោយជោគជ័យប្រឆាំងនឹងប៉ុស្តិ៍បញ្ជាការរុស្ស៊ីនៅជិត Sevastopol និងឃ្លាំងរំសេវនៅជិតភូមិ Pervomaiske កាលពីថ្ងៃទី 4 ខែមករាកន្លងទៅថ្មីៗនេះផងដែរ៕

ប្រភព៖ The Kyiv Independent
ប្រែសម្រួលដោយ៖ វាសនា