រទេះក្របីរបស់អ្នកភូមិជ្រៃ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងឡាយ ដែលបានធ្វើដំណើរទៅទស្សនាកម្សាន្តនៅខេត្តសៀមរាប ក្រៅពីទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋានប្រាសាទហើយនោះ ពួកគេបាននាំគ្នាទៅជិះរទេះក្របីរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ដើម្បីធ្វើដំណើរកម្សាន្ត និងគយគន់មើលទេសភាពនៅតាមភូមិជនបទ និងវាលស្រែ។

លោក ឆេង ឆោម អ្នកគ្រប់គ្រងទូទៅនៅក្នុងសហគមន៍រទេះក្របីនេះបានឱ្យដឹងថា សហគមន៍រទេះក្របីនេះ បានបើកឱ្យដំណើរការអស់រយ:ពេលជិត ១០ឆ្នាំមកហើយ តែក្រោយមកត្រូវបានបិទរយ:ពេល ៣ឆ្នាំ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ រហូតមកដល់ ឆ្នាំ២០២៣ ក្នុងខែមេសា ទើបចាប់ផ្តើមឱ្យដំណើរការឡើងវិញ ស្របពេលដែលមានភ្ញៀវបណ្តើរៗហើយនោះ។

លោកបានបន្តទៀតថា នៅសហគមន៍យើងនេះ គឺមានរទេះក្របីចំនួន ១៦គ្រឿង និងបុគ្គលិកប្រមាណជា ២០នាក់ សម្រាប់សេវាកម្មដឹកជូនភ្ញៀវដើរកម្សាន្តតាមភូមិ តាមវាលស្រែ ដើម្បីមើលទេសភាពដ៏ស្រស់បំព្រងនារដូវប្រាំង រដូវវស្សា និងការរស់នៅរបស់បងប្អូនប្រជាកសិករនៅទីនោះផងដែរ។

ឥឡូវនេះយើងឃើញថា កំណើនភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប មានការកើនឡើងល្អប្រសើរ ជាពិសេសនៅដើមឆ្នាំ២០២៤នេះតែម្តង នៅក្នុងសហគមន៍របស់យើង ថ្ងៃខ្លះក៏មានភ្ញៀវបរទេសចាប់ពី ៥០នាក់ ទៅ ១០០នាក់ ក្នុងមួយថ្ងៃៗ ចំពោះតម្លៃសេវាកម្មសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងម្នាក់ៗមានតម្លៃ២០ដុល្លារ ។ដោយឡែកសម្រាប់ភ្ញៀវខ្មែរ ក្នុងម្នាក់ៗ ៣ដុល្លារ ហើយរទេះក្របីមួយជិះបានគ្នា៣នាក់ សម្រាប់ដំណើរកម្សាន្តនៅតាមភូមិ តាមវាលស្រែ ប្រើរយ:ពេលប្រមាណជា ២៥នាទី ទៅ ៣០នាទី ទើបវិលមកកន្លែងដើមវិញ ។

ម្ចាស់រទេះក្របីម្នាក់អាយុ ៧០ឆ្នាំ បានឲ្យដឹងថា គាត់បានធ្វើការនៅក្នុងសហគមន៍នេះ ជាច្រើនឆ្នាំមកហើយ គាត់អាចរកកម្រៃបានពីការងារដឹកភ្ញៀវក្នុងមួយខែៗទទួលបានប្រាក់ចំណូលចំនួន ២០០ដុល្លារ សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ ហើយការងារដឹកភ្ញៀវនេះ វាមិនលំបាកទេ វាអាស្រ័យទៅលើភ្ញៀវប៉ុណ្ណោះ ថ្ងៃណាភ្ញៀវច្រើនគឺយើងដឹកបាន ២ជុំ ទៅ ៣ជុំដែរ ថ្ងៃខ្លះភ្ញៀវតិចតាមតិច ភ្ញៀវច្រើនតាមច្រើនអត់ទៀងទេ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២