ភ្លើងឆេះព្រៃនៅប្រទេសឈីលីបានសម្លាប់មនុស្សរហូតដល់ 112 នាក់ ហើយថាចំនួននេះនឹងកើនឡើងបន្តទៀត

អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅក្នុងប្រទេសឈីលី បានកើនឡើងរហូតដល់ 112 នាក់ និងរាប់រយនាក់ទៀតកំពុងបាត់ខ្លួន។ ប្រធានាធិបតី Gabriel Boric កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះបានព្រមានថា ចំនួនអ្នកស្លាប់ និងរបួសនឹងមានការកើនឡើងបន្តទៀត នៅពេលដែលភ្លើងឆេះព្រៃបានបន្តឆេះនៅតំបន់កណ្តាល Valparaiso ។

លោក Boric បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ប្រទេសឈីលីទាំងមូលកំពុងមានទុក្ខ និងកាន់ទុក្ខចំពោះការស្លាប់របស់ប្រជាពលរដ្ឋយើង ហើយយើង​កំពុង​ប្រឈម​នឹង​សោកនាដកម្ម​នៃ​ទំហំ​ដ៏​ធំ​មួយនេះ។

អាជ្ញាធរបាននិយាយថា មនុស្ស 200 នាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុង និងជុំវិញទីក្រុង Viña del Mar ដែលជារមណីយដ្ឋានឆ្នេរដ៏ពេញនិយមមួយ ដែលមានភ្លើងឆេះខ្លាំងបំផុត។

សង្កាត់ជាច្រើននៅភាគខាងកើតនៃទីក្រុង ដែលត្រូវបានគេស្គាល់ថា ជាកន្លែងសម្រាប់ពិធីបុណ្យតន្ត្រីអន្តរជាតិប្រចាំឆ្នាំរបស់ខ្លួនត្រូវបានបំផ្លាញដោយអណ្តាតភ្លើង ដែលទុកឱ្យអ្នកស្រុករុះរើផ្ទះដែលឆេះអស់។ លោក Boric កាលពីថ្ងៃសុក្របានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈដែលលោកបានសន្យាគាំទ្រដល់ប្រជាជន ដែលកំពុងព្យាយាមសង្គ្រោះពីគ្រោះមហន្តរាយនេះ។

យោងតាមសេវាគ្រោះមហន្តរាយជាតិ SENAPRED បានឱ្យដឹងថា ផ្ទៃដីជិត 26,000 ហិកតា ត្រូវបានដុតបំផ្លាញពាសពេញតំបន់កណ្តាល និងភាគខាងត្បូងរបស់ប្រទេសអាមេរិកឡាទីនមួយនេះ គិតត្រឹមថ្ងៃអាទិត្យម្សិលម៉ិញនេះ។អ្នកពន្លត់អគ្គីភ័យប្រហែល 1,400 នាក់ និងបុគ្គលិកយោធា 1,300 នាក់ ព្រមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះពន្លត់អគ្គីភ័យចំនួន 31 គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យ នេះបើយោងតាមអាជ្ញាធរ៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២