កោះខ្យងមានទេសភាពទាក់ទាញ និងស្រស់ស្អាតខ្លាំងណាស់ បានទៅខេត្តកោះកុងលើកក្រោយ ទៅបោះតង់សម្រាកលម្ហែរកាយឱ្យសប្បាយម្តង

កោះខ្យងពិតជាមានទេសភាពធម្មជាតិស្រស់ស្អាតខ្លាំងណាស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាកលម្ហែរកាយនាថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកបុណ្យជាតិនានា។កោះនេះមានទីតាំងស្ថិតនៅក្នុងភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយជាង១០គីឡូម៉ែត្រពីទីរួមស្រុកស្រែអំបិលនៃ ខេត្តកោះកុង។

កោះ​ខ្យង គឺជាប្រជុំកោះតូចៗចំនួន៣ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃទឹកសមុទ្រយ៉ាងស្រស់ស្អាតគ្មានពីរ។ ក្រៅពីមានទេសភាពផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ព័ទ្ធជុំហើយនោះ ក៏មានដើមដូងខ្ពស់ទាបជាច្រើន ដុះយ៉ាងត្រៀបត្រានៅលើកូនកោះទាំងនោះ អមដោយខ្យល់អាកាសបរិសុទ្ធទៀតគឺវាមានលក្ខណៈអំណោយផលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅបោះតង់សម្រាកលម្ហែកាយនៅលើដែនកោះទាំងនោះ។

បើតាមមន្ត្រីអាជ្ញាធរមូលដ្ឋាននៅទីនោះបានឱ្យដឹងថា ចំពោះស្ថានភាពផ្លូវធ្វើដំណើរវិញមិនពិបាកនោះទេគឺមានភាពងាយស្រួល ទាំងរថយន្ត និងម៉ូតូ អាចទៅដល់កន្លែងឡើងទូកតែម្ដង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២