បង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែងក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដោយបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន២៣នាក់ ដែលញៀនល្បែងស៊ីសង

ទីតាំងមួយកន្លែងមានបង្កប់ល្បែងស៊ីសងនៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ ១៤៤ កែងផ្លូវ ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅបង្រ្កាបហើយ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ យប់ម៉ិញនេះ។

ទីតាំងដែលបើកបនល្បែងស៊ីសងនោះ មានបង្កប់ល្បែងស៊ីសងដូចជា៖ មាន់ជល់ បៀរការ៉ាត់ បាល់អនឡាញ ជាដើម។នៅក្នុងប្រតិបត្តិការចុះទៅបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួន២៣នាក់, ម៉ូតូចំនួន១៦គ្រឿង និងកង់បីឥណ្ឌាចំនួន៤គ្រឿងផងដែរ។

បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលដែលចុះទៅបង្ក្រាបផ្ទាល់ បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ និងសំណូមពរពីប្រជាពលរដ្ឋថា ទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប្រមូលផ្ដុំមនុស្ស ក្មេងចាស់ប្រុសស្រីទាំងយប់ ទាំងថ្ងៃ បង្កភាពអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរនោះមានការភ័យខ្លាច ពីសំណាក់ក្រុមអ្នកញៀនល្បែងទាំងនោះ កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សដកហូតវត្ថុតាងជាក់ស្ដែងតែម្ដង។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងនោះបានឲ្យដឹងថា ទីតាំងនេះបើកបង្កប់ល្បែងស៊ីសងយូរណាស់មកហើយ ដែលស្ថិតនៅទល់មុខ និងសង្កាត់ផ្សារកណ្ដាល១ តែម្ដង ដោយគ្មានខ្លាចញញើតអាជ្ញាធរបន្តិចឡើយ។

បច្ចុប្បន្ន មនុស្សប្រុស ស្រីចំនួន ២៣នាក់ រួមទាំងម៉ូតូ កង់បីឥណ្ឌា និងវត្ថុតាងមួយចំនួន ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

       

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២