តាមពិតបុរសជាខ្មាន់កាំភ្លើងបាញ់សម្លាប់សង្សាខ្លួនយប់ម៉ិញ ធ្លាប់ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចម្តងរួចមកហើយ នៅលើស្ពានកោះនរា កាលពីខែធ្នូ ឆ្នាំ២០២៣

ពិតជាមានការរន្ធត់ខ្លាំងណាស់ បុរសម្នាក់ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់សង្សារបស់ខ្លួន ហើយបន្ទាប់មកបាញ់សម្លាប់ខ្លួនឯងតាមក្រោយនោះគឺជាមេធាវី ឈ្មោះ ទូច វឌ្ឍនៈ អាយុ៣២ឆ្នាំ។ចំណែកនារីរងគ្រោះជាសង្សាមានឈ្មោះ ឯម សូវីដេត អាយុ ២៦ឆ្នាំមានមុខរបរជាអ្នកលក់ឥវ៉ាន់តាមអនឡាញ។អំពើឃាតកម្មដ៏សាហាវបាញ់សម្លាប់សង្សារបស់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច និងរូបភាពពីកាម៉ារ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបានបង្ហាញថា មុនពេលកើតហេតុគេឃើញភាគីខាងស្រីបានចុះពីលើរថយន្តរបស់ខ្លួន រួចដើរសំដៅទៅរកខាងប្រុស ដែលនៅខាងក្រោយ ហើយក៏ឃើញខាងប្រុសចុះពីលើរថយន្តរបស់គេដើរមករកខាងស្រី រួចបានបាញ់ទៅលើក្បាលខាងស្រីរួចបាញ់ថែមពី៣ ទៅ ៤គ្រាប់ទៀត បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ បន្ទាប់មកបុរសជាខ្មាន់កាំភ្លើងបានបាញ់សៀតផ្កាខ្លួនឯងមួយគ្រាប់បណ្តាលដួលនៅលើផ្លូវ ហើយក៏បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

តាមព័ត៌មានដែលក្រុមការងារយើងទទួលបាន បងប្អូនមាននៅចាំទេ កាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បុរសជាខ្មាន់កាំភ្លើងរូបនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលម្តងរួចមកហើយ ដោយកាលណោះបានយករថយន្តរបស់ខ្លួននេះទៅចតទុកចោល នៅលើស្ពានកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយទុកស្បែកជើងផ្ទាត់មួយគូនៅលើស្ពាននោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្តាលអាធ្រាត្រដោយនឹកស្មានថា មានមនុស្សលោតទឹកសម្លាប់ខ្លួន តាមពិតគឺគាត់ចតរថយន្តចោល និងទុកស្បែកជើងនៅលើស្ពានហើយដើរចុះទៅក្រោម។តែឥឡូវនេះ មិនដឹងថា គាត់មានទំនាស់អ្វីជាមួយសង្សាបានដល់ថ្នាក់ដកកាំភ្លើងបាញ់សម្លាប់នារីរងគ្រោះជាសង្សារបស់ខ្លួនបែបនេះទៅវិញ៕

    

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២