អ្នកភូមិបង្កោង​អភិរក្សយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីចាប់ត្រីតាមទំនៀមបុរាណមិនដែលខកខានឡើយ

រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួម ជាលក្ខណៈសហគមន៍មិនដែលខកខានឡើយ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។

ការចាប់ត្រីរួមគ្នានេះធ្វើឡើងនៅត្រពាំងធំមួយ ដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។

លោក ពេជ្រ ឃិន មេភូមិបង្កោងបានមានប្រសាសន៍ថា ត្រីដែលចាប់បាននោះ មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀមបុរាណមិនដែលខកខាន។នេះបើយោងតាមអាជ្ញាធរជាតិអប្សរា៕

     
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២