អ្នកឃុំកំពង់ភ្លុកនៅតែអភិរក្សធ្វើបុណ្យដាក់ដំណាក់ទឹកជារៀងរាល់ឆ្នាំ

នៅកំពង់ភ្លុក មានធ្វើបុណ្យដាក់ដំណាក់ទឹកពីរដងក្នុងមួយឆ្នាំ ពោលគឺ«បុណ្យដាក់ដំណាក់ទឹកស្រក»ធ្វើពេលខែទឹកទន្លេស្រក និង«បុណ្យដាក់ដំណាក់ទឹកឡើង»ធ្វើនៅខែទន្លេទឹកឡើង ជាពិធីបុណ្យដែលអ្នកស្រុកនៅទីនោះរៀបចំធ្វើតាំងបុរមបុរាណមកម្ល៉េះ។

គេអាចធ្វើពិធីបុណ្យនេះនៅខែខ្នើត ឬខែរនោចក៏បាន ឱ្យតែថ្ងៃឡើងរោងប៉ះចំថ្ងៃសុក្រ និងបញ្ជូននៅថ្ងៃសៅរ៍។ កាលបើរើសថ្ងៃសម្រាប់ពិធីដាក់ដំណាក់ខែមាឃ(ដាក់ដំណាក់ខែទឹកស្រក)ត្រូវនឹងខែកុម្ភៈបានហើយ គេនឹងរើសយកថ្ងៃឆាន់ភូមិនៅថ្ងៃនោះតែម្តង ដោយមានរយៈពេលពីរថ្ងៃ។ អ្នកស្រុក ក៏បានបញ្ចូលបុណ្យឡើងមាឃ នៅក្នុងថ្ងៃនេះដែរ ប៉ុន្តែ រយៈពេល៣ឆ្នាំ ទើបគេរៀបចំពិធីនេះម្តង។

បុណ្យដាក់ដំណាក់ ដែលធ្វើក្នុងពេលខាងលើនេះ ពាក់ព័ន្ធនឹងកម្ពស់ទឹកទន្លេសាប បរិស្ថានធម្មជាតិ ទិន្នផលត្រី និងការបញ្ចៀសជំងឺរាតត្បាតក្នុងភូមិ។ ពោល គឺនៅខែបុស្ស-មាឃជាពេលកំពុងពេញរកត្រី ខែចេត្រ ជាពេលទឹកទន្លេស្រកខ្លាំង។ ពិធីនេះ ដើរស្របនឹងវដ្ដជីវិតត្រីផង និងវដ្ដនៃការនេសាទផង។ ក្នុងឆ្នាំនេះ អ្នកភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នឹងរៀបចំធ្វើពិធីបុណ្យដាក់ដំណាក់ទឹកស្រក នៅរសៀលថ្ងៃទី១៥ នឹងឆ្លងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។នេះបើយោងតាមអាជ្ញាធរជាតិអប្សរា៕

      
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២