អ្នកភូមិរស់នៅក្នុងតំបន់អង្គរបានធ្វើការអភិរក្សយ៉ាងខ្ជាប់ខ្ជួននូវការរៀបចំពិធីលៀងមេមត់!

ជារៀងរាល់មួយឆ្នាំម្តងឬពីរឆ្នាំម្តង អ្នកភូមិរស់នៅក្នុងរមណីយដ្ឋានតំបន់អង្គរតែងតែរៀបចំពិធីលៀងមេមត់ ដែលអ្នកស្រុកនៅតំបន់ខ្លះហៅថា «ពិធីបញ្ជាន់អារក្ស»។គេចំណាំធ្វើពិធីនេះនៅខែមាឃ ឬអាចធ្វើក្នុងបរិបទពិសេសណាមួយនៅពេលមានរូបមេមត់ ឬ «សម្បក» ឈឺធ្ងន់ ដោយសារអមនុស្សធ្វើឱ្យរូបស្នងនោះឈឺ។ ហេតុនេះ ដើម្បីដោះស្រាយ និងចៀសវាងកុំឱ្យឈឺ ត្រូវលៀងមេមត់ក្នុងមួយឆ្នាំ ឬពីរឆ្នាំម្តង។

ភូមិនៅក្នុងតំបន់អង្គរដែលតែងតែរៀបចំពិធីនេះមានដូចជា៖ ភូមិនគរក្រៅ, (សង្កាត់គោកចក), ភូមិអារក្សស្វាយ (សង្កាត់នគរធំ), ភូមិក្រសាំងរលើង, ភូមិទ្រៀក (សង្កាត់សៀមរាប), ភូមិភូមិថ្នល់បាក់ (ឃុំអំពិល), ភូមិភ្លង់ (ឃុំលាងដៃ), ភូមិក្បាលដំរី (ឃុំរើស) និងភូមិស្នាសង្រ្គាម (ស្រុកបន្ទាយស្រី)។ល។ ជាទូទៅ ស្រុក ឬតំបន់ខ្លះ គេហៅថា «អារក្ស» ក៏ប៉ុន្តែនៅតំបន់អង្គរ គេនិយមហៅ «មេមត់» មិនសូវឮប្រើពាក្យអារក្សនោះទេ។ ដូច្នេះហើយបានជាគេច្រើនហៅថា «ភ្លេងមេមត់ » «រូបមេមត់» និង «លៀងមេមត់»។

មេមត់ គឺជាខ្មោចជួរចំបួរប្រចាំត្រកូល ហើយមាន “រូបស្នង” ដែលភាគច្រើនជាមនុស្សស្រី។ «រូបស្នង» ដើរតួនាទីសំខាន់ក្នុងកិច្ចជាន់មេមត់រកមើលហេតុនៃវិបត្តិតូច ធំដែលកើតឡើងផ្ទាល់ខ្លួន ក្នុងគ្រួសារ ឬតាមការពឹងពាក់ពីអ្នកស្រុកជិតឆ្ងាយឱ្យជួយព្យាបាល ដោយស្តោះផ្លុំ ឬពេលបាត់បង់វត្ថុអីមួយ។ល។ លុះបានផល ឬជាពីជម្ងឺដោយធ្វើតាមពាក្យខ្មោចប្រាប់ យើងត្រូវលៀងកំសាន្តឱ្យអមនុស្សជាការដឹងគុណដែលប្រាប់ពីហេតុផល និងខំមើលយើងជា។ ពិធីលៀងនេះ គេហៅ «លៀងមេមត់»។

ក្នុងពិធីលៀងមេមត់នេះភ្លេងគឺជាគ្រឿងរណ្តាប់មួយយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ត្បិតត្រូវលេងឱ្យមេមត់រាំលេងសប្បាយ។ កិច្ចពិធីលៀងមេមត់ មានរបៀបពីរយ៉ាងគឺ៖ ទី១ កិច្ចពិធីលៀងជាលក្ខណៈឯកជន ដោយមានរៀបចំសំណែនជាម្ហូបអាហារ ព្រមទាំងមានភ្លេងមេមត់ផង ដើម្បីជាការដឹងគុណដល់ខ្មោច ឬចំបួរ ដែលខំមើលជម្ងឺជា ឬរកវត្ថុអ្វីមួយដែលបានបាត់បង់ទៅហើយឃើញមកវិញ។ កិច្ចពិធីនេះ ច្រើនចាប់ធ្វើនៅពេលថ្ងៃត្រង់ ឬក៏រសៀល។ ចំណែកកិច្ចពិធីទី២ គឺលៀងមេមត់មានលក្ខណៈជាសហគមន៍ ដែលធ្វើរៀងរាល់ឆ្នាំ ឬអ្នកខ្លះ ភូមិខ្លះទាល់តែពីរ ឬបីឆ្នាំម្តង ទោះជាឈឺ ឬមិនឈឺអីក៏ដោយ គឺត្រូវតែធ្វើពិធីលៀងមេមត់។ ក្នុងពិធីលៀងនេះដែរ រូបស្នងក៏បញ្ជាន់មេមត់ដែលជាគ្រូកំណើត ឬចំបួររបស់ខ្លួនឡើងរាំតាមចង្វាក់ភ្លេង ហើយអ្នកខ្លះគេឆ្លៀតមករកមើលពីវិបត្តិតូច ធំផ្ទាល់ខ្លួន ឬគ្រួសារ ហើយជួនកាលមេមត់ហ្នឹងក៏ព្យាបាលអ្នកជម្ងឺ ដោយស្តោះព្រួសក្នុងពេលលៀងនោះទៀតផង។

នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ និងនៅថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅភូមិនគរក្រៅនឹងមានរៀបចំពិធីលៀងមេមត់នៅផ្ទះយាយគង់ និងនៅផ្ទះយាយអុល។នេះបើយោងតាមអាជ្ញាធរជាតិអប្សរា៕

    
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២