នគរបាលព្រហ្មទណ្ឌចុះបង្ក្រាបទីតាំងលក់ម៉ូតូមិនប្រក្រតី ដោយដកហូតម៉ូតូបានចំនួន៣១គ្រឿង និងស្លាកលេខជាង១០០បន្ទះ

ភ្នំពេញ៖ ទីតាំងទិញលក់ម៉ូតូមិនប្រក្រតីមួយកន្លែងនៅឃ្លាំង រំសេវ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះបង្ក្រាបឆែកឆេរ ដោយដកហូតបានម៉ូតូចំនួន៣១គ្រឿង និងស្លាកលេខប្រមាណជាង១០០បន្ទះ កាតគ្រីនិងអត្តសញ្ញាណមួយចំនួនពាក់ព័ន្ធទិញលក់ស្លាកលេខម៉ូតូ។

ការចុះបង្ក្រាបកុងស៊ីបញ្ចាំនេះធ្វើឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅចំណុចទិញលក់ម៉ូតូស្ថិតនៅផ្ទះលេខ ៤៩Bផ្លូវលេខ ១៩២ ភូមិ ៤សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ប្រតិបត្តិការនេះដោយមានការអនុញ្ញាពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីវុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននគរបាលខណ្ឌទួលគោកផងដែរ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ការចុះឆែកឆេរដកហូតម៉ូតូនេះ ត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីមានចម្លើយសារភាព ពីជនសង្ស័យម្នាក់ដែលបានទិញ ស្លាកលេខម៉ូតូពី កុងស៊ី បញ្ចាំខាងលើ ហើយក៏បានយកទៅបង្ហោះលក់ជាសាធារណៈ ។នៅក្នុងការចុះបង្ក្រាបឆែកឆេរនេះដែរ ម្ចាស់កុងស៊ីទំនងជាដឹងខ្លួនទាន់គេចខ្លួនបាត់មុនពេលដែលសមត្ថកិច្ច ចុះទៅដល់។

តាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ក្នុងប្រតិបត្តិការសមត្ថកិច្ចដកហូតម៉ូតូចំនួន៣១គ្រឿង ស្លាកលេខម៉ូតូចំនួន១១២សន្លឹក កាតគ្រីម៉ូតូចំនួន៧២ អត្តសញ្ញាណប័ណ្ណចំនួន១១ច្បាប់ សំបុត្រកំណើតចំនួន០៣ច្បាប់ ធុងខ្យល់សម្រាប់កឹបស្លាកលេខចំនួន០១ និងកូនសោមួយចំនួនទៀត បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បី ចាត់ការតាមនិតីវិធី។បន្ទាប់ពីចប់ប្រតិបត្តិការគណៈកម្មការសម្រុះក៏បានបិទសៀលទីតាំងនេះជាបណ្តោះអាសន្ត៕

     

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២