នៅមិនទាន់ចប់ទៀត ក្រោយផ្ទុះរឿងក្តៅ! កីឡាករលំដាប់ពិភពលោកLeo Messi បានព្យាយាមធ្វើការបកស្រាយតាមរយៈវីដេអូបន្ថែមនៅលើបណ្ដាញទំនាក់ទំនងសង្គមទៅកាន់អ្នកគាំទ្រនៅហុងកុង

ភ្នំពេញ៖ ក្រោយពីមានការចុះផ្សាយជាច្រើនតាមរយៈកាសែតល្បីៗជុំវិញពិភពលោករឿងមតិរិះគន់របស់អ្នកគាំទ្រចិនមកលើខ្លួនបន្តការកើនឡើងមិនចប់ កីឡាករលំដាប់ពិភពលោកLeo Messi បានព្យាយាមធ្វើការបកស្រាយតាមរយៈវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គម ជុំវិញការមិនចូលលេងប្រកួតមិត្តភាពរបស់ក្លឹប Inter Miami នៅហុងកុង ខណៈដែលកំពូលខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ៣៦ឆ្នាំរូបនេះ បន្តប្រឈមមុខនឹងការខឹងសម្បារពីអ្នកគាំទ្រចិនលើបញ្ហានេះ ធ្វើឱ្យកាន់តែមានការងាកមកចាប់អារម្មណ៍លើរឿងនេះកាន់តែខ្លាំងបន្ថែមទៀត។

បើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កីឡាករ Lionel Messi មិនបានចូលលេងប្រកួតមិត្តភាពរបស់ Inter Miami ទល់នឹងក្រុមជម្រើស All Star ហុងកុង កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងទៅ ក្រោមហេតុផលរបួស ដែលធ្វើឱ្យអ្នកគាំទ្រជិត៤ម៉ឺននាក់ នៅកីឡដ្ឋានទីក្រុងហុងកុងដែលចំណាយលុយទិញសំបុត្រចូលទស្សនាផ្ទុះការខឹងសម្បារ ស្រែកចំអក និងផ្តល់សញ្ញាមេដៃចុះក្រោម ហើយថែមទាំងស្រែកទារលុយថ្លៃសំបុត្រវិញផងដែរ។

 

អ្នកគាំទ្រប្រមាណជា ៣៨,០០០នាក់ នៅកីឡដ្ឋានហុងកុងបានស្រែកចំអក និងទារលុយថ្លៃសំបុត្រវិញ នៅពេលដែលសហម្ចាស់ក្លឹប Inter Miami លោក David Beckham ថ្លែងទៅកាន់ពួកគេនៅចប់ការប្រកួត ខណៈដែលអ្នកគាំទ្របានចំណាយប្រាក់រហូតដល់ ៦២៤ដុល្លារអាមេរិក ដើម្បីមើលការប្រកួត Messi ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Tatler Asia ដែលជាអ្នករៀបចំការប្រកួតបានសន្យាថា នឹងសងប្រាក់ ៥០% ទៅកាន់អ្នកគាំទ្រវិញ។

រំលងបាន៣ថ្ងៃក្រោយមក Messi បានចូលលេងប្រកួតមិត្តភាពទល់នឹងក្រុម Vissel Kobe នៅជប៉ុន ដែលបានបង្កការខឹងសម្បារកាន់តែខ្លាំងនៅហុងកុង និងនៅក្នុងប្រទេសចិន ដែលជាកន្លែងកីឡាកររូបនេះមានប្រជាប្រិយភាពខ្លាំង ហើយប្រតិកម្មប្រឆាំងនឹង Messi បានអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍ រហូតមកទល់ពេលនេះ។

 

ចាប់តាំងពីបញ្ហារបស់ Messi នៅហុងកុងរួចមក មន្ត្រីចិនបានសម្រេចលុបចោលការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនចំនួន២ប្រកួត ដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិន ដោយម្ចាស់ជើងឯកពានរង្វាន់ World Cup ឆ្នាំ ២០២២ នឹងត្រូវជួបនីហ្សេរីយ៉ា នៅទីក្រុងហាំងចូវ និងកូតឌីវ័រ នៅទីក្រុងប៉េកាំង នាខែក្រោយ។

អាជ្ញាធរបាល់ទាត់ទីក្រុងប៉េកាំងបានបញ្ជាក់ថា ទីក្រុងគ្មានគម្រោងរៀបចំការប្រកួតដែល Lionel Messi នឹងត្រូវចូលរួមនោះទេ។ ស្របពេលដែលការិយាល័យកីឡានៅទីក្រុងហាំងចូវ ក៏បានបញ្ជាក់ថា ការប្រកួតដែលខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះត្រូវលុបចោលសម្រាប់ហេតុផលដែលគ្រប់គ្នាសុទ្ធតែបានដឹង ។ បញ្ហានៅហុងកុង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បានចោទ Messi និងក្លិប Inter Miami ថា ពាក់ព័ន្ធនឹងហេតុផលនយោបាយក្នុងគោលបំណងធ្វើឱ្យអាម៉ាស់តំបន់រដ្ឋបាលពិសេសរបស់ចិន។

ក្រោយមកទៀតតាមរយៈវីដេអូបកស្រាយ Messi បានច្រានចោលការអះអាងដែលថា រូបគេមិនចូលលេងនៅហុងកុងក្រោមហេតុផលនយោបាយ គឺជារឿងមិនពិតទាំងស្រុង ដោយបានសង្កត់ធ្ងន់លើសេចក្ដីស្រឡាញ់ជាពិសេសចំពោះប្រជាជនចិន ដោយ Messi បានបន្ថែមថា ប្រសិនបើមានរឿងនោះមែន រូបគេនឹងមិនធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឬប្រទេសចិនជាច្រើនលើកច្រើនសានោះទេ។ ការមិនអាចលេងនៅហុងកុង ដោយសារតែបញ្ហារលាកសាច់ដុំភ្លៅខាងក្នុង (Adductor Muscle) ហើយរូបគេព្យាយាមព្យាបាល និងហ្វឹកហាត់ ក៏ប៉ុន្តែពេទ្យជំនាញបានបង្ហាញថា មិនអាចលេងបានទេ ដែលអាចប្រឈមហានិភ័យកាន់តែអាក្រក់៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២