សមត្ថកិច្ចបង្ក្រាបទីតាំងទទួលផលចោរកម្មដ៏ធំមួយកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបានរកឃើញម៉ូតូចំនួន៣១គ្រឿង និងស្លាកលេខ១១២សន្លឹក បងប្អូនដែលបាត់ម៉ូតូអាចកាន់ឯកសារទៅផ្ទៀងផ្ទាត់បាន

រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារទៅផ្ទៀងផ្ទាត់ ក្រោយពីបង្ក្រាបទីតាំងទទួលផលចោរកម្មរកឃើញម៉ូតូចំនួន៣២គ្រឿងគ្មានភាពប្រក្រតី និងស្លាកលេខចំនួន១១២សន្លឹក។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលក្រុមការងារព័ត៌មានទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ទីតាំងទទួលផលចោរកម្មនេះ ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ៤៩B ១៩២ ក្រុមទី១០ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬស្លាកលេខ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខទូរស័ព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាននាំខ្លួនជនសង្ស័យម្នាក់ទៅចង្អុលបង្ហាញទីតាំងទទួលផលចោរកម្មខាងលើ និងឆែករកឃើញម៉ូតូ ស្លាកលេខ និងឯកសារជាច្រើនទៀត ខណៈម្ចាស់ទីតាំងរត់គេចខ្លួនបាត់៕

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២