សមត្ថកិច្ចបង្ហាញមុខ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន ៣នាក់ ជាមួយគ្រឿងញៀនជាង១៦គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញ (ក៣) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ប្រុញ សាន លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ា លោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្រ នាយករងមន្ទីរ លោកវរសេនីយ៍ឯក ទិត ចំរើន នាយការិយាល័យ(ក៣) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីជួញដូ រក្សាទុករគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចបានបញ្ជាក់ថា គោលដៅទី១ នៅខាងមុខហាងស៊ូស៊ែងយាន ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅក្នុងខុនដូ PALMHOUSE ជាន់ទី១ បន្ទប់លេខ១០២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រតិបត្តិការទាំងពីរគោលដៅនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ឈ្មោះ អ៊ូ ចុងវ័យ (WU ZONG WEI) ភេទប្រុស ជនជាតិចិនតៃវ៉ាន់, ឈ្មោះ លីន អ៊ីងគ័ង (LIN YING KUAN) ភេទប្រុស ជនជាតិចិនតៃវ៉ាន់, ឈ្មោះ ង សឹកខៃ (ZHUANG SHI KAI) ភេទប្រុស ជនជាតិចិនតៃវ៉ាន់។

សមត្ថកិច្ចចាប់យកវត្ថុតាង សារធាតុញៀនអ៊ិចស្តាស៊ី(MDMA) ១៦ គីឡូក្រាម និង១៣៦.១២ក្រាម, សារធាតុញៀនកេតាមីន(Ketamine) ៣៦០ក្រាម​, សារធាតុញៀនអ៊ិនីមេតាហ្សេប៉ាម ១.៩៨ក្រាម សរុបសារធាតុញៀន ទម្ងន់ ១៦គីឡូក្រាម និង៤៩៨,១០ក្រាម។ ក្រៅពីនេះ សមត្ថកិច្ចក៏បានរកឃើញសារធាតុមិនច្បាស់ ទម្ងន់ ៥គីឡូក្រាម និង ៦២២ក្រាម រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

       
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២