បុណ្យទន្លេឆ្នាំនេះនឹងរៀបចំធ្វើនៅខេត្តសៀមរាបក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍន៍»សូមអញ្ជើញទៅចូលរួមកម្សាន្តសប្បាយទាំងអស់គ្នា

ពិធីបុណ្យទន្លេនាឆ្នាំនេះ ជាពិធីបុណ្យលើកទី៨ហើយ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅលើទឹកដីខេត្តសៀមរាបមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤នេះ។ពិធីបុណ្យទន្លេឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍន៍»។នៅខេត្តសៀមរាបក្រៅពីទស្សនាតំបន់រមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ នៅតាមប្រាង្គប្រាសាទនានាហើយនោះ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមតំបន់អេកូទេសចរណ៍ធម្មជាតិជាច្រើនទៀត ជាមួយការភ្លក្សរសជាតិម្ហូបអាហារដ៏ឆ្ងាញ់ពិសា និងសម្បូរបែបរបស់អ្នកស្រុកនៅក្នុងខេត្តទេចរណ៍ប្រវត្តិសាស្ត្រមួយនេះផងដែរ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនានា នៅតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញការផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃពិធីបុណ្យទន្លេនៅខេត្តសៀមរាបឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើក ជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤។

ហើយអ្វីដែលប្លែកនៅក្នុងព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចខាងក្រោម៖

១. ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤ផងដែរ។

២. ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។

ដូច្នេះសូមភ្ញៀវទេសចរជាតិ -អន្តរជាតិ និងសាធារណជនចូលរួមទស្សនា និងកម្សាន្តសប្បាយ ដោយក្តីរីករាយចាប់ពីថ្ងៃទី១៥ ១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ ដោយមេត្រីភាព៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២