ដំណឹងល្អ! ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគធំៗចំនួន២បន្ថែមទៀត ជាមួយទឹកប្រាក់វិនិយោគជិត៦០០លានដុល្លារ ក្នុងនោះក៏មានគម្រោងវិនិយោគការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មានបន្ទប់ជិត៣០០០បន្ទប់ផងដែរ

ខេត្តព្រះសីហនុ ជាខេត្តឆ្នេរសមុទ្រដ៏ទាក់់ទាញ និងលេចធ្លោមួយដែលទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគទុនជាតិ និងអន្តរជាតិបានមកបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តនេះជាបន្តបន្ទាប់។ក្រៅពីគម្រោងវិនិយោគជាច្រើនដែលបាន និងកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ កាលពីប៉ុន្មានថ្ងៃមុននេះ ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគធំៗចំនួនពីរទៀត ដែលមានទំហំទឹកប្រាក់វិនយោគសរុបរហូតដល់ទៅ ៥៨៦,៣៥០,១៩០ដុល្លារ ជាមួយការបង្កើតការងារជូនពលរដ្ឋធ្វើបានរាប់ពាន់កន្លែង។

គម្រោងធំៗចំនួនពីរនេះត្រូវបានសម្រេច និងទទួលបានការលើកទឹកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអង្គប្រជុំបានផ្តល់ការលើកទឹកចិត្ត និងវាយតម្លៃថា គម្រោងវិនិយោគទាំងពីរនេះនឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល។

គម្រោងវិនិយោគធំៗទាំងពីររបស់ក្រុមហ៊ុនចំនួន២នោះ រួមមាន៖

-១. ក្រុមហ៊ុន «Ban Dao Investment Co., LTD» មានគ្រោងបោះទុនវិនិយោគចំនួន ៥៧៤ ០០០ ០០០ ដុល្លារអាមេរិក ដោយវិនិយោគលើការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានបន្ទប់ចំនួន២ ៨៧០បន្ទប់ នៅក្នុងមូលដ្ឋានពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

-២. ក្រុមហ៊ុន« Haoruidar (Cambodia) Co., LTD»មានគម្រោងបោះទុនវិនិយោគចំនួន ១២ ៣៥០ ១៩០ ដុល្លារអាមេរិក ដោយវិនិយោគលើការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ ម្នាស់ ខ្នុរ និងទុរេន) ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

គួរកត់សម្គាល់ផងដែរថា​ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​ និយាយជារួម និងការដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេសចំនួន ៣ សំខាន់ៗដល់វិនិយោគិន, វិស័យវិនិយោគនៅកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ កំពុងមាននិន្នាការកើនឡើងគួរឱ្យចាប់អារម្មណ៍ ដែលជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្តចំពោះស្ថានភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ពីសំណាក់វិនិយោគិនបរទេស ។ លើសពីនេះ កម្ពុជាក៏បានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ ១០០ពិន្ទុ (យោងតាមតារាង​ FDI Standouts Watchlist 2024) ដែលបន្ថែមនូវភាពទាក់ទាញដល់វិនិយោគិនបន្ថែមទៀតផងដែរលើបរិស្ថានវិនិយោគ និងធុរកិច្ច ដោយរាជរដ្ឋាភិបាល បាន និងកំពុងបន្តទាក់ទាញធុរជន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនានា ព្រមទាំងពង្រឹងនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោកផងដែរ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២