សមត្ថកិច្ចជំនាញរដ្ឋបាលជលផលមេគង្គ និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះចុះបង្រ្កាបទីតាំងផលិត លក់ និងរក្សាទុកឧបករណ៍ឆក់ត្រីមួយកន្លែងនៅស្រុកស្នួល ដោយរឹបអូសបានវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់

សមត្ថកិច្ចជំនាញនៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងដោយមានការចូលរួមពីលោក សាម ណាល់ អភិបាលស្រុកស្នួល អធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ បានចុះបង្ក្រាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់មួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយម្ចាស់ទីតាំងនេះមានឈ្មោះ សៀង សៀកត្រាយ ភេទប្រុស អាយុ៣១ឆ្នាំ។

នៅក្នុងប្រតិបត្តិការចុះបង្រ្កាប​នេះ សមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងរួមមាន អាំងវែកទ័រឆក់ត្រីប្រភេទស្រូប និងក្តៅនាំចូលពីប្រទេសចិន ចំនួន ២២គ្រឿង អាំងវែកទ័រកែច្នៃ(ឆក់ក្តៅ)ចំនួន១៥គ្រឿង ប្រអប់ឈើសម្រាប់កែច្នៃអាំងវែកទ័រឆក់ត្រី ចំនួន២៨០ប្រអប់។

សូមបញ្ជាក់ផងដែរថា ក្រៅពីរឹបអូសវត្ថុតាងទាំងអស់នេះ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងលក់ឧបករណ៍ឆក់ខុសច្បាប់នេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល៕

  

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២