កងទ័ព Arakan Army (AA) បាននិយាយថា កងកម្លាំងយោធារបបយោធាមីយ៉ាន់ម៉ាបានបាញ់ផ្លោងចូលផ្សារមួយកន្លែងក្នុងរដ្ឋធានី Sittwe រដ្ឋរ៉ាក់ឃីន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ដោយបានសម្លាប់ជនស៊ីវិលចំនួន១២នាក់ និងរបួសជិត ៨០នាក់ផ្សេងទៀត។ គ្រាប់ផ្លោងទាំងនោះបានបាញ់ចេញពីមូលដ្ឋានទ័ពជើងទឹកក្នុងក្រុង Sittwe បានវាយប្រហារផ្សារដែលមានទីតាំងនៅជិតកំពង់ផែកូរ៉េ Seik Kan នៅម៉ោងប្រហែល 8 ព្រឹក នៅពេលដែលផ្សារកំពុងមមាញឹកជាមួយអ្នកដើរទិញអីវ៉ាន់។


AA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា ក្នុងចំណោមជនស៊ីវិលដែលរងរបួសទាំងនោះគឺមាន 31 នាក់បានរងរបួសធ្ងន់។
អ្នកស្រុកម្នាក់បានប្រាប់ The Irrawaddy ថា កងទ័ពជើងទឹក និងមូលដ្ឋានយោធាផ្សេងទៀតនៅជុំវិញទីក្រុង Sittwe បាន និងកំពុងបាញ់ផ្លោងមិនរើសមុខក្នុងទីក្រុងនេះ ចាប់តាំងពីល្ងាចថ្ងៃពុធមកម្ល៉េះ។ហើយថា កងកម្លាំង Junta បានបាញ់តាមអំពើចិត្តចាប់តាំងពីល្ងាចថ្ងៃពុធនោះមក។ នៅមុននេះបន្តិច AA បានប្រកាសថា កន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ជនជាតិភាគតិចរ៉ាឃីន គឺនៅតំបន់នានាក្នុងរដ្ឋរ៉ាឃីន ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ អ្នករបួសនៅផ្សារទំនើបត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅនៅក្នុងក្រុងស៊ីតវេ។


អ្នកស្រុក Sittwe បាននិយាយថា កងកម្លាំង Junta បានកាន់កាប់មន្ទីរពេទ្យ ហើយក្រោយមកបានបញ្ជូនអ្នករបួសចំនួន 5 នាក់ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Yangon ដោយឧទ្ធម្ភាគចក្រយោធា។ នៅទីក្រុងស៊ីតវេ បុគ្គលិកពេទ្យភាគច្រើនបានចាកចេញពីរដ្ឋរ៉ាឃីនទៅកាន់កន្លែងមានសុវត្ថិភាពជាងមុន ដោយសារជម្លោះប្រដាប់អាវុធក្នុងរដ្ឋ ហើយឥឡូវនេះទីក្រុងនេះទទួលរងការខ្វះខាតបុគ្គលិកពេទ្យ។


ការិយាល័យសម្របសម្រួលមនុស្សធម៌ និងអភិវឌ្ឍន៍ (HDCO) របស់ AA បានប្រកាសកាលពីថ្ងៃទី 26 ខែកុម្ភៈថា ការវាយប្រហារដោយទាហានរបបយោធាបានបណ្តាលឲ្យជនស៊ីវិលស្លាប់ចំនួន 111 នាក់ និង 357 នាក់ទៀតរងរបួសធ្ងន់ ស្រាល។HDCO បាននិយាយថា ចំនួន IDP សរុបនៅក្នុងរដ្ឋរ៉ាឃីន រួមទាំងអ្នកផ្លាស់ទីលំនៅមុនថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំមុនផង មានចំនួន 331,067 នាក់៕

ប្រែសម្រួលដោយ៖ វាសនា