រយៈពេល៣ខែដើមឆ្នាំ២០២៤នេះ សមត្ថកិច្ច​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន៣០០ទីតាំង និងឃាត់ខ្លួនមនុស្សបានជិត៥០០នាក់

ភ្នំពេញ ៖ គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួង​មហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត ដោយឃាត់ខ្លួនមនុស្សសរុបចំនួន៤៩៦នាក់។ នេះបើតាមការគូសបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងរូបនេះបានបន្តថា ក្នុងចំណោម​ទាំង៣០០ទីតាំងដែលបង្ក្រាបបាននោះ សមត្ថកិច្ចនគរបាលបានចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។

លោក ទូច សុឃៈ (សុខៈ) អះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។

អ្នកនាំពាក្យរង លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ទៀតថា ក្រៅពីការចាត់វិធានច្បាប់ នគរបាលក្រសួងមហាផ្ទៃ ក៏បានចាត់វិធានការរដ្ឋបាលផងដែរនៃចំនួនទាំង៣០០ទីតាំងដែលបង្ក្រាប។ ក្នុងនោះ ចាត់វិធានការរដ្ឋបាល បានចំនួន២៣១ទីតាំង លើ១០រាជធានី-ខេត្ត ដោយបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិ  លើមនុស្សចំនួន៣៣៩នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា អនុវត្តតាមបទបញ្ជា និងគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដឹកនាំកម្លាំងជំនាញតាំងពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ស្នងការដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងជាប្រចាំ ដើម្បីប្រសិទ្ធផលនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យស្របតាមទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាមុខសញ្ញាមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកាលពីដើមអាណត្តិទី៧ រួមមាន បញ្ហាគ្រឿងញៀន បញ្ហាចរចារណ៍ បទល្មើសព្រហ្មទណ្ឌទូទៅ បញ្ហាក្រុមក្មេងទំនើង ការជួញដូរមនុស្ស និងការដោះស្រាយបញ្ហាតាមព្រំដែនទាំងគោកនិងទឹក៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២