មនុស្សឥឡូវទុកចិត្តមិនបានទេ ខឹងគេតេទារលុយជំពាក់ចងជាគំនុំយកកាំបិតចុងស្រួចចាក់ អារកសម្លាប់គេ

ពិតជាសាហាវខ្លាំងណាស់ ស្ត្រីម្នាក់ត្រូវបានឃាតករដៃដល់កាប់សម្លាប់ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម។ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោងប្រហែល ២០ និង២០នាទី ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្នុងប្រឡាយ ស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ករណីនេះបានបង្កឡើងដោយជនសង្ស័យ ឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះ ឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត បណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

សមត្ថកិច្ចនគរបាលក្រុងសំរោងបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ បានសហការ ជាមួយផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅឯក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកូនកាំបិតមានចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះ រហូតដល់ស្លាប់ពិតប្រាកដមែន។ ហើយបន្ទាប់ពីបានធ្វើសកម្មភាពរួច ខ្លួនបានប្រមូលយក ទូរស័ព្ទ និងប្រាក់កាស មួយចំនួន ដែលជារបស់ជនរងគ្រោះ យករត់គេចខ្លួនទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ប្រទេសថៃ។

សមត្ថកិច្ចបានបន្តទៀតថា មូលហេតុដែលនាំឱ្យមានការប្រើអំពើហិង្សាចាក់សម្លាប់នេះគឺផ្ដើមចេញ ពីជនសង្ស័យ ជំពាក់លុយជនរងគ្រោះ ហើយជនរងគ្រោះបានតេទាលុយដែលជនសង្ស័យជំពាក់ ដោយប្រើសម្ដីអាក្រក់បន្តិចបន្តួច ទើបជនសង្ស័យ ខឹងយកកាំបិតសម្លាប់ ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង។

 

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ថាន នគបាលខេត្តឧត្ដរមាបជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២