កងកម្លាំងអារ៉ាកាន (AA)ដណ្តើម​យក​ក្រុង Ponnagyun ដើម្បី​បោះ​ជំហាន​ទៅ​រាជធានី​នៃ​រដ្ឋ Rakhine របស់​មីយ៉ាន់ម៉ា

អង្គការប្រដាប់អាវុធជនជាតិភាគតិចអារ៉ាកាន (AA) បាននិយាយថា ខ្លួនបានដណ្តើមកាន់កាប់ទីប្រជុំជន Ponnagyun នៃរដ្ឋរ៉ាឃីន បន្ទាប់ពីបានកម្ចាត់កងវរសេនាតូចថ្មើរជើងលេខ 550 របស់របបយោធានៅក្នុងការប្រយុទ្ធដណ្តើមយកទីក្រុងមួយនេះកាលពីថ្ងៃច័ន្ទ។Ponnagyun ស្ថិតនៅចម្ងាយតែ 33 គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីរបស់រដ្ឋ Sittwe ដែលបច្ចុប្បន្នត្រូវបានហ៊ុំព័ទ្ធដោយកងកម្លាំង AA ។


AA បាននិយាយថា នៅអំឡុងពេលសមរភូមិនៅPonnagyun មានយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹករបស់របបយោធាបានទម្លាក់គ្រាប់បែក និងបាញ់ផ្លោងដាក់កងកម្លាំងរបស់ AA ជាច្រើនលើកក្នុងគោលបំណងដើម្បីការពារទីក្រុងមួយនេះ។ បន្ទាប់ពី Ponnagyun បានដួលរលំ យន្តហោះចម្បាំងរបស់របបបានបំផ្លាញស្ពាន Zay Ti Pyin តភ្ជាប់ពី Ponnagyun និង Rathedaung ដោយទម្លាក់គ្រាប់បែក ១២ ដងនៅម៉ោងប្រហែល ៥ ល្ងាច​ថ្ងៃច័ន្ទដើមសប្តាហ៍នេះ។


គិតត្រឹមថ្ងៃអង្គារម្សិលម៉ិញនេះ យោធារបស់របបយោធាបានបាត់បង់ទីប្រជុំជនចំនួនប្រាំបី ដែលបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់កងទ័ព AA រួមទាំង Paletwa ក្នុងរដ្ឋ Chin បន្ថែមពីលើមូលដ្ឋាន និងទីស្នាក់ការសំខាន់ៗជាច្រើន ព្រមទាំងនាវាកងទ័ពជើងទឹកជាច្រើនទៀត។ នេះជាការបរាជ័យផ្នែកយោធាដ៏ធ្ងន់ធ្ងររបស់របបយោធា ចាប់តាំងពីក្រុមប្រដាប់អាវុធបានបើកការវាយប្រហារ​ និងការវាយលុកដ៏ធំកាលពីថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំមុននោះមក។ លោក U Khaing Thukha អ្នកនាំពាក្យរបស់ AA បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានអនឡាញមួយកាលពីថ្ងៃច័ន្ទថា AA នឹងបន្តប្រយុទ្ធរហូតដល់រដ្ឋរ៉ាឃីនទាំងអស់ត្រូវបានរំដោះ ហើយរបបយោធាត្រូវបានបណ្តេញចេញពីរដ្ឋនេះ។

សម្ព័ន្ធភាតរភាពនៃកងទ័ពជនជាតិភាគតិចចំនួនបីរួមទាំង AA បានបញ្ឈប់ការវាយលុកដ៏ធំរបស់ពួកគេនៅភាគខាងជើងរដ្ឋ Shan ក្នុងខែមករា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងឈ្មួញកណ្តាលចិនជាមួយរបបយោធា ប៉ុន្តែបទឈប់បាញ់មិនអនុវត្តចំពោះរដ្ឋរ៉ាឃីន ហើយ AA នឹងបន្តប្រយុទ្ធប្រឆាំង។ នេះបើតាមលោក ឧត្តមសេនីយទោ បណ្ឌិត Nyo Tun Aung មេបញ្ជាការរង AA បាននិយាយនៅក្នុងសន្និសីទកាលពីថ្ងៃច័ន្ទ។

យោងតាមកិច្ចព្រមព្រៀង Haigeng បទឈប់បាញ់ត្រូវបានរក្សានៅភាគខាងជើងរដ្ឋ Shan តែមួយប៉ុណ្ណោះ។ នៅក្នុងកិច្ចពិភាក្សារវាងឈ្មួញកណ្តាលចិន យើងបានពិភាក្សាអំពីពាណិជ្ជកម្មព្រំដែនចិន-មីយ៉ាន់ម៉ា ការបោកប្រាស់តាមអ៊ីនធឺណិត និងស្ថិរភាពនៃតំបន់ព្រំដែននៅភាគខាងជើងរដ្ឋសាន ប៉ុន្តែមិនមែនជាបទឈប់បាញ់នៅរដ្ឋរ៉ាឃីននោះទេ។

បើយោងតាមទិន្នន័យពីការិយាល័យសម្របសម្រួលមនុស្សធម៌ និងអភិវឌ្ឍន៍ (HDCO) របស់ AA បានឱ្យដឹងថា ការវាយប្រហារដោយទាហានរបបយោធាបានបណ្តាលឱ្យជនស៊ីវិលចំនួន 111 នាក់បានស្លាប់ និង 357 នាក់បានរងរបួស ហើយបានបន្សល់ទុកមនុស្សចំនួន 268,731 នាក់ជាជនភៀសខ្លួនផ្ទៃក្នុង៕

ប្រភព៖ The Irrawaddy

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២