មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ ឡុង អាឆើត ល្ងាចនេះ ជួបដៃគូចាស់របស់មិត្តរួមក្លឹបសុំមកសងសឹក ដឹងតែកក្រើកសង្វៀនBoostrong King of the Ring Kun Khmer ល្ងាចនេះហើយ!

ភ្នំពេញ ៖ ឡុង អាឆើតបានត្រៀមខ្លួនរួចហើយ ដើម្បីរងចាំកីឡាករយ៉តប្រាស៊ីក សនិនឆៃ ដែលជាអតីតដៃគូចាស់ធ្លាប់ចាញ់ក្រោមថ្វីដៃរបស់មិត្តរួមក្លឹបរបស់ខ្លួន គឺកីឡាករសែនចាន់ រិទ្ធិស័ក ហៅអេឡិចសាន់ត្រូ មកជួបសងសឹក។នៅលើសង្វៀនប្រកួតនាល្ងាចនេះ សុទ្ធតែជាគូសងសឹក ដោយអ្នកលេងគុនខ្មែរកំពុងឡើងជើងឡុង អាឆើត មកពីក្លឹបខ្លារខិន ដែលមានលោកគ្រូរីកគីជាអ្នកដឹកនាំ ត្រូវជួបប្រកួតជាមួយនឹងអតីតដៃគូចាស់ ដែលធ្លាប់ចាញ់ក្រោមថ្វីដៃរបស់មិត្តរួមក្រុមខ្លួន។ចាំមើលៗតើកីឡាករគុនខ្មែរឡុង អាឆើតរបស់យើង អាចទប់ទល់ជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃជាម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថាប័ននោះបានដែរឬយ៉ាងណា?។

ឡុង អាឆើត បានប្រាប់សារព័ត៌មានថោនឲ្យដឹងថា គេមិនធ្លាប់បានជួបប្រកួតជាមួយកីឡាករថៃរូបនេះពីមុនមកនោះទេ  គ្រាន់តែដឹងថាកន្លងមកគេធ្លាប់ប្រកួតជាមួយនឹងសែន ចាន់រិទ្ធិស័ក ហើយចាញ់កីឡាករគុនខ្មែរយើង ដូច្នេះហើយទើបគេមកជួបសងសឹកយើងវិញ។អ្នកលេងគុនខ្មែរវ័យក្មេងរូបនេះក៏បានបន្ថែមទៀតថា កីឡាករថៃរូបនេះគឺជាកីឡាករពូកែក្រោម កម្លាំងជើងរបស់គេ ទោះបីជាទាត់មួយៗប៉ុន្តែធ្ងន់មិនធម្មតា។

 

បើទោះបីជាយ៉ាងណាក៏ដោយ ឡុង អាឆើតបានបន្ថែមថា ការប្រកួតល្ងាចនេះមិនជាបញ្ហាសម្រាប់រូបគេនោះទេ ដោយសារតែគេបានហ្វឹកហាត់ដិតដល់ហើយ ចំពោះសុខភាពក៏មិនមានបញ្ហាអីចោទនោះដែរ។

គួរជម្រាបផងដែរថា កីឡាករឡុងអាឆាតមានវ័យ 17 ឆ្នាំ ជាអ្នកប្រដាល់គុនខ្មែរក្នុងប្រភេទទម្ងន់ 60 គីឡូក្រាម ធ្លាប់ប្រកួតបានចំនួន 60 ដង,ឈ្នះ 43 ដង,ចាញ់ 15 ដង,ស្មើមួយដង និងធ្លាប់បានផ្ដួលគូប្រកួតមិនឱ្យក្រោកតដៃរួចចំនួន 14 ដង។

 

ដោយឡែកកីឡាករយ៉តប្រាស៊ឹក ដែលមកពីប្រទេសថៃនោះ មានអាយុ 24 ឆ្នាំហើយ គេធ្លាប់ប្រកួតបានចំនួន 63 ដង,ឈ្នះបានចំនួន 47ដង, ចាញ់ 10ដង, ស្មើ៥ដង,ធ្លាប់បានផ្តួលគូប្រកួតបានចំនួន10ដង។

ដូច្នេះប្រវត្តិប្រកួតរបស់កីឡាករទាំងពីរ ដែលនឹងត្រូវប៉ះគ្នានាយប់នេះប្រហាក់ប្រហែលគ្នា ហើយក្បាច់គុនរបស់អ្នកទាំងពីរក៏មិនធម្មតាដែរ។ដោយឡែកយ៉តប្រាសឹក ជាកីឡាករម្ចាស់ខ្សែក្រវ៉ាត់នៅប្រទេសថៃជាច្រើនស្ថាប័នផងដែរ។

 

ជួបគ្នានៅល្ងាចថ្ងៃទី 8 ខែមីនា ឆ្នាំ 2024នេះ កម្មវិធីនឹងចាប់ផ្តើមពីម៉ោង 7:00 យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន Town FULL HDTV, នៅលើ facebook page TOWN FULL HDTV និង Boostrongផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២