មន្ត្រីគយឃាត់ខ្លួនអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ម្នាក់ ជាមួយគ្រឿងញៀនចំនួន៣៥កញ្ចប់ រុំជាប់នឹងដងខ្លួន

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនានេះថា នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ចំនួន ១នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយ និងរដ្ឋាករបានរកឃើញម្សៅពណ៌សចំនួន ៣៥កញ្ចប់ រុំជាប់នឹងដងខ្លួន។

អ្នកនាំពាក្យបានបន្តទៀតថា តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine មានទម្ងន់ ៤ ៩៦៥,៣០ ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភារៈរបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២