របបយោធាមីយ៉ាន់ម៉ាបានបាត់បង់ទីប្រជុំជនមួយទៀត ទៅឱ្យកងទ័ពជនជាតិភាគតិច Arkan ក្នុងរដ្ឋរ៉ាឃីន

កងទ័ពជនជាតិភាគតិច Arkan Army (AA) បាននិយាយថា ពួកគេបានចាប់យកទីប្រជុំជន Rathedaung ក្នុងរដ្ឋ Rakhine បន្ទាប់ពីបានបើកការវាយប្រហារបណ្តេញកងទ័ពរបបយោធាមីយ៉ាន់ម៉ាចំនួនបីកងវរសេនាតូចចេញពីទីក្រុងកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ហើយពួកគេបានរឹបអូសយកទីស្នាក់ការកណ្តាលថ្មើរជើងចំនួនបីដាច់ដោយឡែកពីគ្នា ពីកងវរសេនាតូចថ្មើរជើងលេខ 536, 537 និង 538 នៅខាងក្រៅទីក្រុងកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេលពីរសប្តាហ៍ ជាមួយនឹងកងទ័ពរបបយោធាចំនួន 200 នាក់ចុងក្រោយ ដែលបានភៀសខ្លួនចេញពីទីប្រជុំជនមាត់ទន្លេភាគខាងជើងនៃរដ្ឋធានីរដ្ឋ Sittwe ដោយទូក។

កងកម្លាំងរបស់របបយោធាក៏បានទម្លាក់គ្រាប់បែកលើតំបន់នោះទាំងផ្លូវគោក សមុទ្រ និងផ្លូវអាកាសក្នុងការប៉ុនប៉ងដើម្បីរារាំងក្រុម AA ពីការដណ្តើមកាន់កាប់ក្រុងនេះ តែមិនបានជោគជ័យ។ AA បាននិយាយថា ខ្លួនបានរកឃើញសាកសពទាហានរបបយោធា រួមទាំងបុរសជនជាតិរ៉ូហ៊ីងយ៉ា ដែលត្រូវបានជ្រើសរើសនាពេលថ្មីៗនេះ ក៏ដូចជាអាវុធ និងគ្រាប់រំសេវដែលបន្សល់ទុក ដោយការរត់គេចពីទាហានរបបយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ កងទ័ពជនជាតិភាគតិចបាននិយាយទៀតថា ខ្លួនក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការដណ្តើមយកទីបញ្ជាការកងវរសេនាតូចថ្មើរជើងលេខ ៥៥២ របស់យោធានៅក្នុងសង្កាត់ Buthidaung ក្បែរនោះ។

AAបានធ្វើការអះអាងថា ពួកគេបានរឹបអូសបានជាងពាក់កណ្តាលនៃរដ្ឋរ៉ាឃីន ចាប់តាំងពីខ្លួនបានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំដើម្បីបណ្តេញកងទ័ពរបបយោធាចេញពីរដ្ឋនេះកាលពីថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំមុន។ដោយពួកគេបានគ្រប់គ្រងក្រុងចំនួន ៦ ក្នុងចំណោមក្រុងចំនួន ១៧ របស់រដ្ឋរ៉ាឃីន ហើយបានដណ្តើមបានក្រុងចំនួន ៣ថែមទៀត រួមទាំងក្រុងរ៉ាថោន ជាសង្កាត់ដែលមិនទាន់គ្រប់គ្រងបានពេញលេញនៅឡើយ។

AA បានគ្រប់គ្រងទាំងស្រុងនៃទីប្រជុំជន Paletwa នៅភាគខាងត្បូងនៃរដ្ឋ Chin ដែលនៅជិតខាងផងដែរ។ ពួកគេបានចាប់យកមូលដ្ឋានយោធាប្រហែល 180កន្លែង រួមទាំងមជ្ឈមណ្ឌលបញ្ជាការពីរដ្ឋាភិបាលយោធាចាប់តាំងពីខែវិច្ឆិកាឆ្នាំមុននោះមក៕

ប្រភព៖ The Irrawaddy
ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២