ប្រភពស្និទ្ធនឹងតុលាការបាននិយាយថា ការដេញថ្លៃផ្ទះគ្រួសាររបស់មេដឹកនាំបក្សប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានធ្វើនៅកន្លែង នាព្រឹកថ្ងៃពុធទី២០ ខែមីនា ឆ្នាំ២០២៤នេះ ប៉ុន្តែមិនបានទាក់ទាញការដេញថ្លៃណាមួយឡើយ។ នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនដែលបានចេញកាលពីចុងខែមករាកន្លងទៅ តុលាការដែលគ្រប់គ្រងដោយរបបយោធាម៉យ៉ាន់ម៉ាបានបញ្ជាឱ្យដាក់លក់ដេញថ្លៃផ្ទះលោកស្រីនៅផ្លូវលេខ 54 University Avenue ក្នុងទីក្រុងយ៉ាំងហ្គោននៅថ្ងៃទី 20 ខែមីនានេះ ជាមួយនឹងការដេញថ្លៃចាប់ផ្តើមចំនួន 90 លានដុល្លារ។


វីឡានេះគឺជាប្រភពនៃជម្លោះគ្រួសារដ៏ជូរចត់រវាងលោកស្រី អ៊ុងសាន ស៊ូជី និងបងប្រុសរបស់គាត់ដែលបានឃ្លាតឆ្ងាយពីគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ តុលាការនឹងប្រកាសកាលបរិច្ឆេទសម្រាប់ការដេញថ្លៃជាថ្មី។


ផ្ទះវីឡាដ៏ធំស្កឹមស្កៃនេះមានទីតាំងស្ថិតនៅមាត់បឹង ជាកន្លែងដែលលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនក្នុងផ្ទះរយៈពេល ១៥ឆ្នាំ ដោយរបបយោធាមុន។ មនុស្សរាប់ពាន់នាក់ធ្លាប់បានប្រមូលផ្តុំគ្នានៅមាត់ទ្វារផ្ទះវីឡានេះ ដើម្បីស្តាប់លោកស្រីនិយាយអំពីលទ្ធិប្រជាធិបតេយ្យ និងការបញ្ចេញមតិដោយសេរី៕



