ជួបថ្នាំខ្លាំងទៀតហើយ ប៊ុនតុង គុនខ្មែរចុងសប្តាហ៍នេះ ត្រូវធ្វើការធ្ងន់ប៉ះជាមួយកីឡាករជើងខ្លាំងម្ចាស់ខ្សាច់ក្រវ៉ាត់៤ស្ថាប័នមកពីប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ ក្រោយពីជោគជ័យក្នុងការប្រកួតលក្ខណៈអន្តរជាតិជាច្រើនប្រកួតនៅលើសង្វៀនប្រដាល់គុនខ្មែរកាលពីពេលថ្មីៗនេះ ប៊ុនតុង គុនខ្មែរនឹងត្រូវធ្វើការងារធ្ងន់មួយទៀត ដោយត្រូវបានគណៈកម្មការផ្គូរផ្គង់ដាក់ឱ្យប៉ះជាមួយម្ចាស់ខ្សែក្រវ៉ាត់៤ស្ថាប័ន មកពីប្រទេសម៉ាឡេស៊ី នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។

កីឡាករគុនខ្មែរ ប៊ុនតុង គុនខ្មែរ (BUNTONG KUN KHMER) នឹងត្រូវស្វាគមន៍កីឡាករម៉ាឡេស៊ី អេវីន រ៉េត វ៉ូលវីស (AWIN RED WOLVES) នៅលើសង្វៀន Mas Fight Cambodia ។ការប្រកួតនឹងត្រូវធ្វើឡើង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣រសៀលតទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV Town Sports និង Cambodia Beer ។

 

ដៃគូរបស់ប៊ុនតុងគុនខ្មែរ បានសាងកេរ្ត៍ឈ្មោះនៅលើសង្វៀនប្រដាល់ រហូតក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ចំនួន ៤ស្ថាប័ន ក្នុងវ័យ ២៥ឆ្នាំ ដោយធ្លាប់ប្រកួតបានចំនួន ៧៦ ដង,ឈ្នះ ៦២ដង, ចាញ់ចំនួន ៩ ដង និងស្មើ៥ដង ហើយធ្លាប់បានផ្ដួលគូប្រកួតឲ្យសន្លប់នៅលើសង្វៀនបានចំនួន ៣០ ដង។

ចំណែកពន្លកគុនខ្មែររបស់ក្លឹបគុនខ្មែរដូនតា ប៊ុនតុង គុនខ្មែរ នេះវិញកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ក្រោយពីសង្កេតឃើញប្រវត្តិប្រកួតលើសង្វៀនរបស់គេមិនធម្មតា ដោយវាយកីឡាករអន្តរជាតិ១២ដង មិនដែលចាញ់ ឈ្នះសន្លប់ ១០ដង, ឈ្នះពិន្ទុ១ដង និងស្មើ១ដង ។

ប៊ុនតុង គុនខ្មែរមានអាយុទើបតែ១៨ឆ្នាំប៉ុណ្ណោះ មានកំពស់១,៦៥ម៉ែត្រ បច្ចុប្បន្នរូបគេប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម សព្វថ្ងៃរូបគេហ្វឹកហាត់នៅក្លឹបគុនខ្មែរដូនតា ដែលមានទីតាំងនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្លាប់ប្រកួតក្នុងអាជីពប្រដាល់បានចំនួន៤៩ដង ឈ្នះ៤០ដង,ចាញ់៦ដង ស្មើ៣ដង បច្ចុប្បន្នហាត់ជាមួយលោកគ្រូបឺត សំខាន់ និងលោកគ្រូលីភា ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២