កាន់តែកាចទៅ កាចទៅហើយបងប្អូន! ម្តងនេះអ្នកលេងកែងពិឃាដធឿន ធារ៉ា ប្រកាសដាក់ខ្សែក្រវ៉ាត់លំដាប់ពិភពលោកមួយខ្សែឲ្យកីឡាករជើងខ្លាំងអន្តរជាតិមកវាយដណ្ដើម

ភ្នំពេញ៖ ម្តងនេះដឹងតែផ្អើលទៀតហើយ អ្នកលេងកែង និងកណ្តាប់ដៃពិឃាដធឿន ធារ៉ា បានប្រកាសដាក់ខ្សែក្រវ៉ាត់មួយខ្សែឲ្យអន្តរជាតិមកវាយដណ្ដើម ការប្រកាសបែបនេះធ្វើឱ្យមហាជនដែលស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអង្គុយមិនសុខ អន្ទះសារចង់ទស្សនាព្រឹត្តិការណ៍ប្រកួតនេះ ហើយក៏ចង់ដឹងថា តើខ្សែក្រវ៉ាត់មួយណា ដែលកីឡាករគុនខ្មែរយើងរូបនេះ ដាក់ឲ្យកីឡាករអន្តរជាតិមកវាយដណ្តើមយក?។

ក្រោយពីមានការមមាញឹកក្នុងការឡើងប្រកួតនៅលើសង្វៀន កីឡាករធឿន ធារ៉ា បានទៅសាកថ្មជីវិតនៅកោះរ៉ុងសន្លឹមជាមួយភរិយា ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថានីយទូរទស្សន៍ថោន ក្នុងនោះមានលោក Tommy Kim ស្ថាបនិកប្រដាល់គុនខ្មែរប្រចាំស្ថានីយទូរទស្សន៍ថោន និងលោកជួប វុត្ថា ផលិតករប្រដាល់ដ៏ល្បីឈ្មោះមួយរូប បន្ទាប់ពីទៅសាកថ្មជីវិតរួចមក ធារ៉ា ក៏បានប្រកាសថា ខ្លួននឹងដាក់ខ្សែក្រវ៉ាត់មួយក្នុងចំណោមខ្សែក្រវ៉ាត់ IPCC លំដាប់ពិភពលោកទាំង៤ របស់គេ ដើម្បីឲ្យកីឡាករអន្តរជាតិមកវាយដណ្ដើមយក។

 

ដូច្នេះក្នុងចំណោមខ្សែក្រវ៉ាត់ទាំងបួន គឺមានមួយដែល ធារ៉ាបានប្រកាសថា កីឡាករបរទេសរូបណាដែលចង់មកដណ្តើម រូបគេនឹងបើកភ្លើងខៀវតែម្ដង ត្រៀមសម្រាប់កីឡាករអន្តរជាតិ ដែលគិតថាខ្លួនមានសមត្ថភាពជាជើងខ្លាំង និងអាចតស៊ូជាមួយរូបគេបានដើម្បីប្រកួតនៅសង្វៀនរបស់ស្ថានីយទូរទស្សន៍ថោននាពេលខាងមុខនេះ ទើបរូបគេសុខចិត្តចំណាយខ្សែក្រវ៉ាត់មួយក្នុងចំណោមខ្សែក្រវ៉ាត់ជាច្រើន ក្នុងអាជីពរបស់គេ ហើយសុទ្ធតែខ្សែក្រវ៉ាត់ធំៗលំដាប់ពិភពលោក ធ្វើការប្រកួតឲ្យអ្នកគាំទ្រពេញចិត្ត សងនូវអ្វីដែលអ្នកគាំទ្របានគាំទ្ររូបគេតាំងពីចំណុចសូន្យរហូតមកដល់ក្លាយទៅជាកំពូលអ្នកប្រដាល់ក្នុងស្រុក ដ៏មានកេរ្តិ៍ឈ្មោះ បោះសំឡេង និងទទួលបានការគាំទ្រជាខ្លាំង រហូតបានកែប្រែជីវភាពរបស់គេឲ្យមានជីវភាពធូរធារ នាពេលបច្ចុប្បន្ន។

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះអ្នកលេងគុនខ្មែរជើងខ្លាំងខាងវាយកែងធឿន ធារ៉ា កំពុងក្លាយជាកីឡាករកំពូលមួយរូបនៅក្នុងប្រទេសបានយកឈ្នះការប្រកួតធំៗជាច្រើន ក្រោយពីរូបគេសាងគេឈ្មោះយកបានពានរង្វាន់ និងខ្សែក្រវ៉ាត់ស្ដេចថៃ បច្ចុប្បន្ននេះក៏មានខ្សែក្រវ៉ាត់ពីស្ថាប័នលំដាប់ពិភពលោកចំនួន ៤ នៅក្នុងដៃ ដោយរង់ចាំតែថ្ងៃដាក់ឲ្យកីឡាករអន្តរជាតិមកដណ្ដើមនោះទេ។ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាថាតើជើងខ្លាំងអន្តរជាតិរូបណា ដែលហ៊ានមកប្រឡែងលេងជាមួយដុំភ្លើងនៅលើសង្វៀនថោននាពេលឆាប់ៗខាងមុខនេះ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២