ទីបំផុតនាយសង្ហាគុនខ្មែរវិលត្រឡប់មកកាន់សមរភូមិគុនខ្មែរវិញហើយ ក្រោយពីសម្រាកព្យាបាលរបួសរយៈពេលពីរខែមកនោះ

ភ្នំពេញ៖ អ្នកលេងកែងពុះ ព្យុះសមុទ្រ រស្មីគុនខ្មែរបានវិលត្រឡប់មកកាន់សង្វៀនប្រដាល់គុនខ្មែរវិញហើយ ក្រោយពីសម្រាកព្យាបាលរបួសឆ្អឹងថ្គាមអស់រយៈពេលពីរខែមកនោះ។គ្រាន់តែវិលចូលសមរភូមិគុនខ្មែរវិញភ្លាមរូបគេបានណាត់ជួបកីឡាករជើងខ្លាំងមកពីប្រទេសថៃមកប្ដូរកែង កណ្តាប់ដៃនៅលើសង្វៀន Wurkz សេនាគុនខ្មែរយន្ត ៨ ទិសរបស់ថោននៅទឹកដីខេត្តកំពង់ធំ។

ប៉ះថៃលើកនេះរស្មី ជាកីឡាករមកពីក្លឹបគុនខ្មែរដូនតា ត្រូវប្រើកម្លាំងច្រើនក្រោយពីផ្អាកការប្រកួតអស់ពីរខែធ្វើឲ្យគីឡូរបស់គេរៀងលើសបន្តិច បច្ចុប្បន្នគេកំពុងតែហ្វឹកហាត់ធ្វើគីឡូ ហើយបើតាមការសម្ភាសន៍ជាមួយក្រុមការងារថោន រូបគេបាននិយាយថា មិនមានអ្វីជាបញ្ហាចោទនោះទេ ហើយក៏មិនប៉ះពាល់ដល់របួសចាស់របស់គេនោះដែរ។

 

ហេតុដូច្នេះមានន័យថា រស្មី គុនខ្មែរនៅតែមានទឹកចិត្តអង់អាចក្នុងការឡើងប្រកួត បន្ទាប់ពីសម្រាកព្យាបាលរបួសមួយរយៈ ។ ជើងខ្លាំងគុនខ្មែរវ័យក្មេងរូបនេះនឹងត្រូវជួបកីឡាករថៃ ដែលមានឈ្មោះថា ភេត ភីមផន ក្នុងការប្រកួតប្រភេទទម្ងន់ ៥១គីឡូក្រាម ក្នុងការប្រកួតគូមិត្តភាពអន្តរជាតិគុនខ្មែរបីទឹក  ។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៤  កីឡាកររស្មី គុនខ្មែរបានរងរបួសបាក់ឆ្អឹងថ្គាម  ដោយសារតែចូលកែងរបស់កីឡាករថៃក្នុងការប្រកួតមិត្តភាពអន្តរជាតិលើសង្វៀនរបស់ថោន ប៉ុន្តែបច្ចុប្បន្ននេះ រូបគេបានព្យាបាលរបួសជាសះស្បើយហើយ ក្រោយពីមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរបស់ស្ថានីយទូរទស្សន៍ថោន ហើយនៅថ្ងៃអាទិត្យចុងសប្តាតនេះ រូបគេនឹងវិលត្រឡប់ចូលសង្វៀនជាថ្មីនៅទឹកដីខេត្តកំពង់ធំ។

 

ការប្រកួតនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅខេត្តកំពង់ធំ ទីតាំងនៅភូមិច្រាំងស ឃុំទ្រា ស្រុកស្ទោង (ផ្សារមរតក) ចាប់ពីម៉ោង៧យប់តទៅ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV និង WURKZផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២