អាណិតផាន់ គ្រាន់ ខ្លោចចិត្ត ភ្លាត់ស្នៀតចូលកែងកីឡាករបរទេសបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវគ្រូពេទ្យយកទៅសង្គ្រោះបន្ទាន់ តែមិនបង្អង់យូរសោម វិច្ឆ័យប្រកាសភ្លាមៗសុំសងសឹកឱ្យសិស្សច្បង

ភ្នំពេញ៖ អ្នកលេងជើងចាស់គុនខ្មែរ ផាន់ គ្រាន់ ម្សិលមិញនេះប៉ះថ្នាំខ្លាំង ភ្លាត់ចូលកែងរបស់កីឡាករបរទេស ដែលមកពីប្រទេស ស្វីតដេន (SWEDEN) រហូតក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់។គ្រាន់តែឃើញបែបនេះភ្លាមសិស្សប្អូនដែលត្រូវជាមិត្តរួមក្លឹបរបស់ខ្លួន កីឡាករសោម វិឆ្ឆ័យ មានការក្តៅស្លឹកត្រចៀកជាខ្លាំង ព្រមជាមួយនឹងការអាណិតសិស្សច្បង បានប្រកាសស្នើសុំភ្លាមៗប្រសិនបើមានឱកាសគេចង់ជួបសងសឹកជាមួយនឹងកីឡាករបរទេស ដែលមកពីប្រទេស ស្វីតដេន (SWEDEN) រូបនេះ ដើម្បីជម្រះបញ្ជីឱ្យសិស្សច្បងរបស់ខ្លួន។

បើតាមបទសម្ភាសកីឡាករជើងខ្លាំងគុនខ្មែររូបនេះ ហាក់បីដូចជាមានជំនឿជឿជាក់លើខ្លួនឯងជាខ្លាំង និងដាក់គោលដៅយកជ័យជំនះឲ្យបានប្រសិនបើមានឱកាសបានជួបកីឡាករបរទេសរូបនេះ ។ ហើយក្រោយពីបានទស្សនាការប្រកួតនេះហើយ វិឆ្ឆ័យបានបញ្ចេញមតិថា កីឡាកររូបនេះមើលទៅមិនសូវជាខ្លាំងប៉ុន្មាននោះទេ បើនិយាយពីចំណុចល្អគឺកម្លាំងបាន និងពូកែខាងទាត់ ប៉ុន្តែបើនិយាយពីក្បាច់វិញមិនសូវជាខ្លាំងប៉ុន្មាននោះទេ ដូច្នេះគេគិតថា គេអាចទៅរួចជាមួយនឹងកីឡាកររូបនេះ។

គួររំលឹកផងដែរថា កីឡាករផាន់ គ្រាន់ បានជួបប្រកួតជាមួយនឹងកីឡាករបរទេសដែលមកពីប្រទេស ស្វីតដេន (SWEDEN)  រ៉ូប៊ីន សាន់ឡោះ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅលើសង្វៀនម៉ាសហ្វៃ នៅស្ថានីយ៍ទូរទស្សន៍ថោន ក្នុងការប្រកួតជំនួបមិត្តភាពអន្តរជាតិលក្ខណៈគុនខ្មែរបីទឹក ប៉ុន្តែមិនបានចប់ទឹកស្រួលបួលផង ផាន់ គ្រាន់បានភ្លាត់ចូលកែងរបស់កីឡាករបរទេសរូបនោះសន្លប់ដេកស្ដូកស្ដឹងរហូតដល់ក្រុមគ្រូពេទ្យចូលទៅសង្គ្រោះបន្ទាន់នៅក្នុងទឹកទី២ ដោយមានអាការៈគ្រោះថ្នាក់ធ្ងន់ធ្ងរគ្រាន់បើ ។

នៅក្នុងទឹកទី១ កីឡាករទាំងពីរហាក់បីដូចជាស្គាល់គ្នាច្បាស់ ប៉ុន្តែចូលមកដល់ទឹកទី ២ ផាន់ គ្រាន់ដូចជារាងលំបាកនៅក្នុងការចូលទៅវាយកីឡាករបរទេសរូបនោះជាខ្លាំង បើតាមសាម៉ីខ្លួនផ្ទាល់បានប្រាប់សារព័ត៌មានថោនដឹងថា សម្រាប់រូបគេគឺមានផលលំបាកបន្តិចបន្តួចពេលដែលជួបកីឡាកររ៉ូបីននេះ មូលហេតុដោយសារតែកីឡាកររូបនោះមានកម្ពស់ខ្ពស់ខ្លាំង ហើយគេចាញ់ត្រង់កម្ពស់ ដូច្នេះពិបាកនៅក្នុងការវាយចូល នៅពេលដែលចូលវាយ មិនបានបិទក៏ភ្លាត់ស្នៀតចូលកែងគេបែបនេះ ហើយពេលនោះគេមិនបានត្រៀមខ្លួន ទើបធ្វើឲ្យចូលពេញចំផ្ទៃមុខ ។

ផាន់ គ្រាន់ បានបន្តទៀតថា ប៉ុន្តែប្រសិនបើមានប្រកួតលើកក្រោយ គេនឹងធ្វើឲ្យបានល្អជាងនេះ ហើយនឹងប្រើប្រាស់ក្បាច់ទាត់ និងវាយក្រោមច្រើនជាង។

ជាចុងក្រោយកីឡាករជើងចាស់គុនខ្មែរផាន់ គ្រាប់ ក៏សូមអរគុណអ្នកគាំទ្រដែលតែងតែគាំទ្រ ហើយក៏បានសុំទោសដែលគេធ្វើមិនបានល្អចំពោះការប្រកួតនេះ ដោយសារតែរូបគេខានឡើងប្រកួតយូរ ប្រសិនបើមានប្រកួតលើកក្រោយ គេនឹងខិតខំធ្វើឲ្យបានល្អជាងនេះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២