ត្រៀមខ្លួនហើយ ឬនៅ ? សភាពសហព័ន្ធយុវជនកម្ពុជាប្រកាសជ្រើសរើសក្រុមបាល់ទាត់ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ Soccer League ២០២៤

ភ្នំពេញ៖ ការប្រកួតពាន់រង្វាន់បាល់ទាត់ដ៏មានប្រជាប្រិយភាពមួយនៅក្នុងស្រុក ដែលតែងតែបង្កើតឡើងជារៀងរាល់ឆ្នាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានត្រឡប់មកវិញហើយ ។ហើយពេលនេះសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រកាសជ្រើសរើសក្រុមបាល់ទាត់ដើម្បីចូលរួមប្រកួតពានរង្វាន់  Soccer League ២០២៤ ជាថ្មីម្ដងទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ (ស.ស.យ.ក) ។

បើតាមសេចក្តីជូនដំណឹងនេះបានឲ្យដឹងថា សម្រាប់រដូវកាលថ្មីនៃពានរង្វាន់ Soccer League លើកទី៧ ដូចគ្នាកាលពីឆ្នាំមុនដោយមានពីប្រភេទវិញាសា គឺវិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី ដែលនឹងចាប់ផ្ដើមលក់ពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃទី ២២ ខែមីនា រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅអគារ The Kampus ។

ចំពោះលក្ខខណ្ឌចូលរួមប្រកួតវិញ វិញ្ញាសាបាល់ទាត់បុរសគឺកីឡាករទាំងអស់ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើង និងជាជនជាតិខ្មែរ , កីឡាករដែលមិនមានឈ្មោះនៅក្នុងបញ្ជីក្របខ័ណ្ឌរបស់ក្លឹបដែលចូលរួមក្នុងក្របខណ្ឌបាល់ទាត់ថ្នាក់ជាតិ (Cambodia Premier league) ចាប់ពីឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្ន,កីឡាករដែលមិនមានឈ្មោះក្នុងបញ្ជីក្របខ័ណ្ឌរបស់ក្លឹបដែលចូលរួមប្រកួតក្នុងក្របខណ្ឌបាល់ទាត់លេខ ២ ចាប់ពីឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្ន។កីឡាករដែលមិនមានឈ្មោះនៅក្នុងបញ្ជីក្របខណ្ឌរបស់ក្លឹបដែលចូលរួមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត និងថ្នាក់ជាតិក្នុងឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្ន , កីឡាករដែលមិនមានឈ្មោះលេងក្នុងពានរង្វាន់យុវជនរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា U19, ក្រុមនីមួយៗត្រូវទទួលខុសត្រូវចំពោះសុខភាពកីឡាករក្រុមដឹកនាំការងារនិងចំណាយផ្សេងៗរបស់ខ្លួនអំឡុងពេលចូលរួមប្រកួត។

ចំណែកឯវិញ្ញាសាបាល់ទាត់នារីវិញ កីឡាការនីទាំងអស់ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងជាជនជាតិខ្មែរ។

 

គួរជម្រាបផងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ ២០២៤ ដោយគ្រោងចំណាយពេលប្រកួតយូរជាងមុនរហូតដល់ពីរខែ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកក្កដាខាងមុខនេះ ដ្បិតរដូវកាលមុនប្រើប្រាស់រយៈពេលត្រឹមជាងមួយខែប៉ុណ្ណោះ ៕

    

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២