អេ អាំម៉ារីន មកលើកនេះជួបរបស់ពិតមកពីប្រទេសរុស្សីដើម្បីដំណ្តើមខ្សែក្រវ៉ាត់លំដាប់ពិភពលោក IPCC KUN KHMER នាក្រុងតាខ្មៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ អ្នកលេងកែងវ័យក្មេងត្រកូល អេ មកលើកនេះមិនមែនមកធម្មតាៗដូចរាល់ដងឡើយ ដោយបានណាត់ជើងខ្លាំងរុស្ស៊ីប្រកួតដណ្ដើមខ្សែក្រវ៉ាត់លំដាប់ពិភពលោក IPCC KUN KHMER នាក្រុងតាខ្មៅចុងសប្តាហ៍នេះ។

ដូច្នេះអ្នកគាំទ្ររបស់អាំម៉ារីន កុំភ្លេចមកចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត idol របស់ខ្លួន ដោយសារតែលើកនេះ គេនឹងត្រូវធ្វើការធ្ងន់ជាងសព្វដង ត្រូវប្រកួតដណ្តើមខ្សែក្រវាត់  IPCC KUN KHMER ជាមួយជើងខ្លាំងមកពីប្រទេសរុស្ស៊ី  SAVELIT DOROGAVTSEV នៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត ៨ទិស (Kun Khmer Warriors)។

 

ក្នុងជំនួបកាលពីពេលកន្លងទៅ អាំម៉ារីនធ្វើបានល្អ ដោយការផ្ដាច់ដៃគូប្រកួតលើសង្វៀនត្រឹមរយៈពេលខ្លី មិនបាច់ឱ្យចៅក្រមពិបាកក្នុងការដាក់ពិន្ទុឡើយ ប៉ុន្តែលើកនេះអាចនិយាយបានថា មានភាពតានតឹងបន្តិចសម្រាប់រូបគេផ្ទាល់ ដោយសារតែការប្រកួតខ្សែក្រវ៉ាត់គឺខុសពីការប្រកួតលក្ខណៈមិត្តភាព។

 

បើនិយាយអំពីប្រវត្តិប្រកួតរបស់ដៃគូកីឡាករគុនខ្មែររូបនេះ ដែលមកពីរុស្ស៊ី គឺការប្រកួតប្រហាក់ប្រហែលទៅនឹងកីឡាករគុនខ្មែរយើងដែរ។ កីឡាករដែលមកពីប្រទេសរុស្ស៊ីសាវីលីត ធ្លាប់ប្រកួតបានចំនួន 50 ដងដោយក្នុងនោះឈ្នះ 40 ដង,ចាញ់ត្រឹមតែ 8 ដងប៉ុណ្ណោះ ស្មើពីរដង ហើយក៏ធ្លាប់បានផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួតចំនួន 13 ដង។

មិនខុសពីអាំម៉ារីនប៉ុន្មាននោះទេ ដោយកីឡាករវ័យក្មេងរូបនេះកំពុងឆក់យកប្រជាប្រិយភាពពីអ្នកគាំទ្រគុនខ្មែរយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយរូបគេធ្លាប់ប្រកួតបានចំនួន 46 ដង,ឈ្នះ 39 ដង, ចាញ់៥ដង,ស្មើ២ដង ហើយបានផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួតចំនួន 17 ដងនៅក្នុងអាជីពរបស់គេ។

 

ចង់ដឹងថានៅក្នុងអាជីពជាអ្នកប្រដាល់វ័យក្មេងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងរូបនេះអាចគ្រងខ្សែក្រវ៉ាត់លំដាប់ពិភពលោកមួយនេះបានដែរឬយ៉ាងណា?សូមកុំភ្លេចរង់ចាំទស្សនាការប្រកួតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តកណ្តាល ទីតាំងក្រុងតាខ្មៅ។កម្មវិធីប្រកួតចាប់ផ្តើមពីម៉ោង៧យប់តទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV និង WURKZ ផងដែរ ។

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២