ពិតជាសោកស្តាយខ្លាំង! វិសាខា អស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ

ភ្នំពេញ៖ បន្ទាប់ពីការវិលត្រឡប់មកកាន់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាវិញ ក្រុមបាល់ទាត់ វិសាខា អស់ឱកាសប្រជែងជើងឯកហើយ ដោយសារមានគម្លាតពិន្ទុឆ្ងាយពីក្រុមកំពូលតារាង។

គួរជម្រាបផងដែរថា ក្រោយពីរងការពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយពិន័យជាប្រាក់៤លានរៀល ហើយសម្រេចឲ្យក្រុមវិសាខាចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៣-០ ក្នុងការប្រកួតសប្តាហ៍ទី២៤ លីគកំពូលកម្ពុជា គិតពីចំនួនពិន្ទុត្រឹមសប្ដាហ៍ទី២៤ ក្រុមព្រះខ័នរាជស្វាយរៀងឈរនៅលេខ១ មាន៦២ពិន្ទុ នាំមុខ២៤ពិន្ទុ លើក្រុមលេខ៣វិសាខា ដែលមាន៣៨ពិន្ទុ។

ម្យ៉ាងវិញទៀតការប្រកួតនៅក្នុងលីគកំពូលកម្ពុជា នៅសល់៦សប្ដាហ៍ទៀតនឹងបញ្ចប់ជាផ្លូវការ។ គម្លាតពិន្ទុនេះ ទោះបីវិសាខាឈ្នះការប្រកួតនៅសល់ទាំងអស់ បូកជាមួយពិន្ទុបច្ចុប្បន្នសរុប៥៤ពិន្ទុគឺនៅតិចជាងព្រះខ័នរាជស្វាយរៀងដែលមានពិន្ទុបច្ចុប្បន្នផង ដូច្នេះធ្វើឱ្យវិសាខាបាត់បង់ឱកាសប្រជែងជើងឯករដូវកាលនេះ។

ដោយគិតត្រឹមសប្ដាហ៍ទី២៤ នៅសល់តែក្រុមភ្នំពេញក្រោនមួយគត់ ដែលជាដៃគូប្រជែងជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដោយសារក្រុមទាំង២មានគម្លាតពិន្ទុខុសគ្នាតែ៧ពិន្ទុប៉ុណ្ណោះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២