ដំណឹងល្អ! សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ គ្រោងបង្កើតមូលនិធិ និងApp គុនខ្មែរ

ភ្នំពេញ៖ នេះគឺជាដំណឹងដ៏រំភើបមួយសម្រាប់អ្នកគាំទ្រគុនខ្មែរទាំងមូល ដែលសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិគ្រោងបង្កើតមូលនិធិក៏ដូចជា App គុនខ្មែរ ។សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិនឹងរៀបចំការបង្កើតមូលនិធិគុនខ្មែរ ដើម្បីគាំទ្រដល់អត្ដពលិកគុនខ្មែរដែលមានការខ្វះខាត និងការរៀបចំព្រឹត្តិការណ៍នានា។

មូលនិធិនេះ ក៏នឹងជួយដល់ការបង្កើតគេហទំព័រ និង អេប (Application) ដែលជាបច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងការបំផុសចលនានៃការផ្សព្វផ្សាយកីឡាគុនខ្មែរទៅកាន់ពិភពលោក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

 

បើយោងទៅលើវីដេអូផ្សាយរបស់ NOCC នាថ្ងៃទី២៧ ខែមីនានេះ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ នឹងបង្កើត «មូលនិធិគុនខ្មែរ» ដើម្បីអភិវឌ្ឍន៍ និងជួយដល់កីឡាករ-កីឡាការិនីដែលខ្វះខាត។ បន្ថែមពីនេះទៀត មូលនិធិនេះ ក៏បង្កើតដើម្បីការរៀបចំការងារបច្ចេកទេសផងដែរ។

«សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ នឹងរៀបចំឲ្យមានមូលនិធិគុនខ្មែរ ដើម្បីជួយដល់កីឡាករគុនខ្មែរ និងអភិវឌ្ឍន៍គុនខ្មែរ ទៅតាមការរៀបចំ បច្ចេកទេស ក៏ដូចជាការបំផុសចលនា ព្រោះយើងនៅមានការខ្វះខាតច្រើន។ ដូច្នេះ យើង បង្កើតមូលនិធិនេះឡើងដើម្បីជួយ ដល់ការរៀបចំគុនខ្មែរ ជាមូលនិធិរបស់សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិរបស់យើង។»។ នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន។

គួរជម្រាបផងដែរថា ចំពោះកិច្ចការបច្ចេកទេសនោះ ឯកឧត្តម វ៉ាត់ ចំរើន ចង់សំដៅទៅលើការងារអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ មានដូចជា គេហទំព័រ (Website) និងអេប (Application)។ អគ្គលេខាធិការរូបនេះ បានបញ្ជាក់បែបនេះថា៖«អ្វី ដែលយើងនិយាយគ្នា គឺយើងនិយាយពីការរៀបចំធ្វើទីផ្សារនេះ ឲ្យបានខ្លាំងក្លាពីមួយជំហាន ទៅមួយជំហាន។ យើង កំពុងពង្រឹងសមត្ថភាពការងារអភិបាលកិច្ចល្អ របស់សហព័ន្ធគុនខ្មែរអន្ដរជាតិរបស់យើង ដើម្បីអាចពង្រីកឥទ្ធិពលទៅក្រៅប្រទេស ទៅឲ្យសមាជិកទាំង៥០ប្រទេសជាងរបស់យើង មានទំនុកចិត្ត និងមានការគាំទ្រមកយើង។ យើង កំពុងតែរៀបចំ បង្កើតនូវវេបសាយ និងអេប (Application) ដែលជាបច្ចេកវិទ្យាទាន់សម័យបំផុសចលនា ការផ្សព្វផ្សាយ និងការគាំទ្រ។»៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២