កាន់តែល្អហើយ ដឹងអត់បងប្អូន ? កម្ពុជានឹងមានអត្តពលិកខ្មែរអាមេរិកចូលរួមជម្រើសជាតិច្រើនជាងមុន

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡាក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤។ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះគឺ កម្ពុជាអាចនាំយកអត្តពលិក ដែលមានឈាមជ័រខ្មែរពីអាមេរិក មកចូលជាជម្រើសជាតិបាន។

ឯកឧត្តម វ៉ាត់ ចំរើនបានឱ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងផ្លូវការដែលតំណាងដោយភាគីចុះហត្ថលេខាក្នុងការខិតខំប្រឹងប្រែងរួមគ្នា សម្រាប់កំណត់នូវនីតិវិធី ដំណើរការ និងគោលដៅរវាងក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក។

គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីលើកកម្ពស់ការចូលរួម និងអភិវឌ្ឍន៍វិស័យកីឡា ក៏ដូចជាការផ្លាស់ប្តូរ មន្រ្តី គ្រូបង្វឹក អត្តពលិករវាងក្រសួងអប់រំ  យុវជន  និងកីឡា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា សកម្មភាពកិច្ចសហការនៃភាគីទាំងពីរ នឹងសហការគ្នា ពង្រីកសក្កានុពលរបស់ភាគីទាំងពីរក្នុងការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងសកម្មភាពចាំបាច់នានា ក្នុងន័យជំរុញបន្ថែមទៀតនូវកម្រិតនៃ គុណផលកីឡាកម្ពុជាក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

គួរជម្រាបផងដែរថា កន្លងមកកិច្ចសហការរួមគ្នានេះ ភាគីទាំងពីរបានធ្វើរួមគ្នាជាយូរមកហើយ ដោយទទួលបានជោគជ័យ ដូចជាការនាំយកកីឡាករ កីឡាការិនីមានឈាមជ័រកូនខ្មែរនៅអាមេរិក មានកីឡាករបាល់បោះ និងកីឡាការិនី ជឺជីតស៊ូ ខាន់ ជេសា មកជួយប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងកីឡាទ្វីបអាស៊ីជាដើម។ គ្រាន់តែអំឡុងពេលនោះ យើងមិនទាន់ឈានដល់ការចុះអនុស្សារណៈយោគយល់គ្នានូវឡើយ។ ប៉ុន្តែនៅពេលនេះ អនុស្សារណៈយោគយល់គ្នានៃភាគីទាំងពីរបានប្រកាសជាផ្លូវការ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបើកទូលាយជូនចំពោះកីឡាករឈាមជ័យខ្មែរនៅក្រៅប្រទេសឱ្យចូលរួមជាមួយជម្រើសជាតិកម្ពុជា។

 

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមទៀតថា អនុស្សារណៈយោគយល់គ្នានេះ មានលក្ខខណ្ឌ សម្រាប់ការនាំយកកីឡាឈាមជ័រខ្មែរមកចូលក្រុមជម្រើសជាតិចាំបាច់ត្រូវធ្វើតេស្ដសត្ថភាពជាមួយកីឡាករនៅក្នុងស្រុកជាមុនសិន ដើម្បីជ្រើសរើសកីឡាករមានគុណភាពល្អលើល្អ តំណាងឲ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិ។ ជាមួយការផ្លាស់ប្តូរបញ្ជូនអត្តពលិកកម្ពុជាទៅកាន់សមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិកវិញ គឺមានដូចជាការបញ្ជូន គ្រូបង្វឹក មន្រ្តីបច្ចេកទេស និងអត្តពលិកកីឡាទៅរៀនសូត្រ និងហ្វឹកហាត់សម្តែងជាដើម ក្នុងន័យបង្កើនចំណេះដឹង បទពិសោធ ផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន រវាងកីឡា និងកីឡា ពិសេសផ្សព្វផ្សាយវិស័យកីឡានៅសហរដ្ឋអាមេរិក។ អនុស្សារណៈយោគយល់គ្នារវាងភាគីទាំងពីរនេះ មានសុពលភាពចាប់ពីថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែ មេសា ឆ្នាំ២០២៧៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២