ក្លឹបបាល់ទាត់ភ្នំពេញក្រោនប្រកាសដៃគូសហការថ្មី ជាមួយនឹងក្រុមហ៊ុន Gomi Recycle Group

ភ្នំពេញ៖ ក្លឹបបាល់ទាត់សឹង្ហក្រហមភ្នំពេញក្រោន បានរៀបចំសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃអង្គារទី ០២ ខែមេសា ឆ្នាំ ២០២៤នេះ ជាមួយដៃគូសហការថ្មី នារដូវកាលនេះគឺក្រុមហ៊ុន Gomi Recycle Group នាក្លឹបបាល់ទាត់ភ្នំពេញក្រោន ។

ការរៀបចំសន្និសីទសារព័ត៌មាននេះមានការចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា(MOU)រវាងក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយGomi Recycle ជាដៃគូលើកដំបូងរវាងក្លឹបបាល់ទាត់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងក្រុមហ៊ុនកែច្នៃឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន ក្រោមវត្តមានរបស់លោក ហ្លរែន (Mr.Florain) នាយកគ្រប់គ្រងទូទៅក្លឹបបាល់ទាត់ភ្នំពេញក្រោន និងលោក អូគូមូរ៉ា (Mr.Okumura) នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនGomi ព្រមទាំងគ្រូបង្វឹក ថ្នាក់ដឹកនាំកីឡាករ កីឡាការិនីប្រចាំក្លឹបបាល់ទាត់ភ្នំពេញក្រោន។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Gomi Recycle បានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ ជាក្រុមហ៊ុនដឹកជញ្ជូន និងប្រមូលសំរាមហើយបានចាប់ផ្ដើមធ្វើការលើការកែច្នៃប្លាស្ទិកនៅឆ្នាំ ២០១៨ ជាមួយនឹងចក្ខុវិស័យ “ក្លាយជាវីរៈបុរសដើម្បីការពារផែនដី” Gomi មានគោលដៅភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដើម្បីការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ និងប្រើប្រាស់ឡើងវិញនូវសំណល់ប្លាស្ទិកប្រចាំថ្ងៃរបស់យើង។

ឆន្ទៈសំខាន់នៅក្នុងការសម្រេចចិត្តធ្វើជាដៃគូសហការជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយសារតែរូបលោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្ទាល់ មានចិត្តស្រឡាញ់ប្រទេសកម្ពុជា ជាពិសេសយល់ឃើញថា វិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ហើយក្លឹបបាល់ទាត់ភ្នំពេញក្រោនជាក្លឹបមួយ ដែលឈានមុខគេនៅក្នុងស្រុក ទើបសម្រេចចិត្តរួមសហការ ក្នុងការចាប់ដៃគ្នាកសាងផែនដីមួយដ៏ស្រស់ស្អាត គ្មានកាកសំណល់ប្លាស្ទិក តាមរយៈការចូលរួមសំអាតបរិវេណក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយមានការសហការចូលរួមជាមួយ នឹងកីឡាករក្រុមការងារ ក្រុមគ្រូបង្វឹក ផ្សារភ្ជាប់កីឡាជាមួយនឹងបរិស្ថានល្អ ជាពិសេសបំផុសស្មារតីយុវជនឲ្យស្រឡាញ់បរិស្ថាន និងចូលរួមសំអាតបរិស្ថាននៅក្នុងប្រទេសកម្ពុជាផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២