សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ប្រកាសបើក Champions League តំបន់អាស៊ីអាគ្នេយ៍« Shopee Cup »ខណៈក្រុមជើងឯកលីគកម្ពុជាបានត្រឹមជម្រុះក្នុងពានរង្វាន់នេះ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) កាលពីថ្ងៃទី៤ ខែមេសា បានប្រកាសជាផ្លូវការនូវការប្រកួតពានរង្វាន់ Shopee Cup លើកដំបូង ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នឹងរៀបចំការប្រកួតពានរង្វាន់ក្លឹបអាស៊ាន (ASEAN Club Championship) ជាថ្មីដែលត្រូវបានដូរឈ្មោះជា Shopee Cup បន្ទាប់ពីផ្អាកដំណើរការតាំងពីឆ្នាំ២០០៥នោះមក។

Shopee Cup ដែលមានលក្ខណៈស្រដៀងនឹង AFC Champions League ឬ UEFA Champions League ដែរនោះ នឹងមាន១៤ក្រុមពីតំបន់អាស៊ីអាគ្នេយ៍ចូលរួមក្នុងព្រឹត្តិការណ៍ពាន់រង្វាន់នេះ។ ក្រុមជើងឯកលីគ នៃប្រទេសនីមួយៗ នៅអាស៊ីអាគ្នេយ៍មួយចំនួន ទទួលបានកៅអីចូលរួមប្រកួតក្នុងពានរង្វាន់នេះ ដោយស្វ័យប្រវត្តិ និងមួយចំនួនទៀតត្រូវប្រកួតជម្រុះ។

ការរៀបចំជាលើកទី៣នេះ តាមគោលការណ៍កំណត់ ក្រុមចំនួន១២ដែលមានសិទ្ធិឡើងទៅវគ្គចែកពូលគឺជាក្រុមជើងឯក ឬជើងឯករងលីគនៃប្រទេសក្នុងតំបន់អាស៊ាន។ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ទទួលបាន២កៅអីដូចគ្នា ហើយប្រទេសហ្វីលីពីន និងសិង្ហបុរី ទទួលបាន១កៅអីដូចគ្នា ស្មើនឹង១០ក្រុម។ ចំណែក២កៅអីទៀតជាការជ្រើសរើសពីវគ្គជម្រុះរវាង កម្ពុជា(១ក្រុម) ព្រុយណេ(១ក្រុម) ឡាវ(១ក្រុម) និងមីយ៉ាន់ម៉ា(១ក្រុម)។

ដូច្នេះដើម្បីឡើងទៅកាន់វគ្គចែកពូល ក្រុមជើងឯកលីគកំពូលកម្ពុជាត្រូវទទួលបានជោគជ័យក្នុងវគ្គជម្រុះជាមុនសិន។ ទោះបីជាប្រព័ន្ធនៃការប្រកួតមិនទាន់ត្រូវបានបង្ហាញលំអិតនៅឡើយថាតើត្រូវប្រកួតពីរជើងលក្ខណៈក្នុងដី ក្រៅដី ឬយ៉ាងណាសម្រាប់វគ្គជម្រុះនោះ។

គួរជម្រាបផងដែរថា ក្លឹបជើងឯកកម្ពុជាមានសង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គចែកពូល។ ជាក់ស្តែងក្រុមជើងឯកភ្នំពេញក្រោនមានតែ២៥%ប៉ុណ្ណោះក្នុងពានរង្វាន់ AFC Cup ប៉ុន្តែធ្វើបានល្អរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ានទៀតផង។

 

យោងទៅលើការផ្សាយរបស់ AFF លោក ខៀវ សាម៉េត ប្រធាន AFF បាននិយាយថា នេះជាកាទន្ទឹងរង់ចាំរបស់ AFF ក្នុងការអភិវឌ្ឍន៍បាល់ទាត់ក្នុងតំបន់អាស៊ាន ឲ្យមានកម្រិតប្រកួតប្រជែងកាន់តែខ្លាំង។ «យើង ទន្ទឹងរង់ចាំ ពួកគេ និងដៃគូពាណិជ្ជកម្ម SPORTFIVE ដើម្បីផ្តល់នូវព្រឹត្តិការណ៍លំដាប់ពិភពលោក និងបង្កើនមូលដ្ឋានអ្នកគាំទ្រអាស៊ានដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ការប្រកួតដ៏សំខាន់នេះនឹងជំរុញក្តីប្រាថ្នាសម្រាប់ក្លឹបឈានមុខគេក្នុងតំបន់ឱ្យក្លាយជាម្ចាស់ជើងឯកអាស៊ាន និងធ្វើឱ្យបានជោគជ័យនៅអាស៊ី។ »។ នេះជាការលើកឡើងរបស់ប្រធាន AFF ។

 

Shopee Cup គឺជាពានរង្វាន់ប្រកួតប្រជែងក្លឹបក្នុងតំបន់អាស៊ានថ្មីមួយទៀត ក្រៅពីពានរង្វាន់ AFC Champion League, AFC Cup, និង AFC President Cup។

ការប្រកួតនឹងប្រើទម្រង់លេងដូចជាលីគ ជាមួយនឹងវគ្គជម្រុះសម្រាប់ក្រុមក្នុងប្រទេសមួយចំនួនក្នុងតំបន់។ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ទទួលបានពីរកៅអីសម្រាប់ចូលរួម។នោះមានន័យថា ជើងឯកលីគ និងជើងឯករង ទទួលបានកៅអីចូលប្រកួត។ ហ្វីលីពីន និងសិង្ហបុរី ទទួលបាន១កៅអី។ ជើងឯកលីគកំពូល ព្រុយណេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នឹងត្រូវប្រកួតជម្រុះ ដណ្តើមកៅអី។

 

Shopee Cup នឹងក្លាយជាពានរង្វាន់ដែលមានប្រព័ន្ធលេងដ៏ធំប្រចាំតំបន់អាស៊ានដែលស្របទៅតាមកាលបរិច្ឆេទនៅតំបន់អឺរ៉ុប។ Shopee Cup មាន១៤ក្រុមចូលរួម និង៤០ប្រកួត  ក្រុមទាំង១២នឹងត្រូវបានចាប់ឆ្នោតជា២ពូល ដោយ១ពូលមាន៦ក្រុម។ នៅវគ្គសន្សំពិន្ទុក្នុងពូលមានចំនួន៣០ប្រកួត ដែលត្រូវប្រកួតក្នុងដី និងក្រៅដី ចន្លោះគ្នាតែ៥ថ្ងៃ។ ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ហើយនឹងចាប់ផ្តើមប្រកួត ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ក្រុមចំនួន ១៤នោះ នឹងចែកជា២ពូល ហើយការប្រកួតក្រៅដី និងក្នុងដី (Home and Away)។ ចំពោះព័ត៌មានលម្អិត AFF នឹងផ្ដល់ដំណឹងជូនក្នុងការចាប់ឆ្នោតប្រកួតជាផ្លូវការ នៅដើមសប្ដាហ៍ ខែឧសភា ឆ្នាំ២០២៤នេះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២