ពិតជាមានមោទនភាពខ្លាំង ដែលកីឡាករជឺជីតស៊ូកម្ពុជាបានបំបែកកំណត់ត្រាក្នុងតំបន់ ក្រោយឈ្នះមេដាយ ១៣គ្រឿងពីព្រឹត្តិការណ៍ប្រកួត Ju-Jitsu Thailand Championship 2024

ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយរហូតដល់ ១៣គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូលក្ខណៈអន្ដរជាតិ Ju-Jitsu Thailand Championship 2024 ដែលរៀបចំនៅសាកលវិទ្យាល័យ Rangsit នាទីក្រុងបាងកកក ប្រទេសថៃ កាលពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានឱ្យដឹងថា កម្ពុជាបានបញ្ជូនអត្តពលិក ១២រូប ចូលរួមព្រឹត្តិការណ៍ ដែលមានអ្នកចុះឈ្មោះចូលរួមសរុបជាង ១,៤០០នាក់នេះ ។ ជាលទ្ធផលក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយមាសចំនួន ៥, មេដាយប្រាក់ចំនួន ៣ និងមេដាយសំរឹទ្ធចំនួន ៥ សរុបចំនួន ១៣គ្រឿង ។

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានចាត់ទុកថា នេះគឺជាការបំបែកកំណត់ត្រាជាមួយការប្រកួតដ៏ធំបំផុតនៅក្នុងតំបន់ ។ លើសពីនេះ សហព័ន្ធក៏បានអរគុណដល់ដៃគូឧបត្ថម្ភ ដែលបានគាំទ្រអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ Ju-Jitsu Thailand Championship 2024 រហូតសម្រេចបានលទ្ធផលដ៏ល្អប្រសើរជូនជាតិនេះផងដែរ ៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២