យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១៤ នាក់ត្រូវបានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន Al-Nuseirat នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa កាលពីល្ងាចថ្ងៃអង្គារម្សិលម៉ិញនេះ។


យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងជំរុំនៅមុនថ្ងៃបុណ្យ Eid al-Fitr ដែលជាការបញ្ចប់ខែតមអាហាររបស់អ្នកកាន់សាសនាមូស្លីម(បុណ្យរ៉ាម៉ាដាន)។
អ៊ីស្រាអែលបានធ្វើការវាយលុកយោធាយ៉ាងសាហាវនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សជិត ១ ២០០នាក់។


ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង 33,300 នាក់ត្រូវបានសម្លាប់ និងជិត 76,000 នាក់ផ្សេងទៀតបានរងរបួស ចំពេលមានការបំផ្លិចបំផ្លាញដ៏ធំ និងកង្វះខាតសម្ភារៈចាំបាច់។
សង្រ្គាមរបស់អ៊ីស្រាអែល ដែលឥឡូវនេះនៅក្នុងថ្ងៃទី 186 របស់ខ្លួនបានរុញច្រានប្រជាជន 85% នៃប្រជាជននៅតំបន់ហ្គាហ្សាឱ្យមានការផ្លាស់ទីលំនៅខាងក្នុងចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នោះត្រូវបានខូចខាត ឬបំផ្លាញ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។


អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលកាលពីខែមករាបានចេញសេចក្តីសម្រេចបណ្តោះអាសន្នមួយ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថាជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សានោះ៕


ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា