ជនជាតិប៉ាឡេស្ទីន ១៤ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួននៅកណ្តាលតំបន់Gaza

យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១៤ នាក់ត្រូវបានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន Al-Nuseirat នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa កាលពីល្ងាចថ្ងៃអង្គារម្សិលម៉ិញនេះ។

យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងជំរុំនៅមុនថ្ងៃបុណ្យ Eid al-Fitr ដែលជាការបញ្ចប់ខែតមអាហាររបស់អ្នកកាន់សាសនាមូស្លីម(បុណ្យរ៉ាម៉ាដាន)។

 

អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយលុក​យោធា​យ៉ាង​សាហាវ​នៅ​តំបន់​ហ្គាហ្សា​ស្ទ្រីប ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​កាលពី​ថ្ងៃ​ទី​៧ ខែ​តុលា ដោយ​ក្រុម​ហាម៉ាស ដែល​បាន​សម្លាប់​មនុស្ស​ជិត ១ ២០០​នាក់។

ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង 33,300 នាក់ត្រូវបានសម្លាប់ និងជិត 76,000 នាក់ផ្សេងទៀតបានរងរបួស ចំពេលមានការបំផ្លិចបំផ្លាញដ៏ធំ និងកង្វះខាតសម្ភារៈចាំបាច់។

 

សង្រ្គាមរបស់អ៊ីស្រាអែល ដែលឥឡូវនេះនៅក្នុងថ្ងៃទី 186 របស់ខ្លួនបានរុញច្រានប្រជាជន 85% នៃប្រជាជននៅតំបន់ហ្គាហ្សាឱ្យមានការផ្លាស់ទីលំនៅខាងក្នុងចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នោះត្រូវបានខូចខាត ឬបំផ្លាញ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។

អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលកាលពីខែមករាបានចេញសេចក្តីសម្រេចបណ្តោះអាសន្នមួយ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថាជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សានោះ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២