ដឹងតែជក់ចិត្តទៀតហើយ ! ព្រះខ័នរាជស្វាយរៀង ប៉ះភ្នំពេញក្រោន វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup

ភ្នំពេញ៖ ទីបំផុតបានរកឃើញហើយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ជាក្រុមឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោហ៊ុន សែនលើកទី ១៧ បន្ទាប់ពីទទួលបានជ័យជំនះទាំងលំបាក ដោយមានការប្រកួតដ៏ស្វិតស្វាញ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ម្សិលមិញនេះ។

ការប្រកួតជើងទី២ បឹងកេតពិតជាធ្វើបានល្អខ្លាំងមែនទែន ដែលបានព្យាយាមបិទតំបន់ប្រយុទ្ធរបស់ម្ចាស់ផ្ទះព្រះខ័នរាជ្យស្វាយរៀងបានយ៉ាងល្អ។ មិនត្រឹមតែរារាំងចង្វាក់លេងរបស់ម្ចាស់ផ្ទះបានល្អប៉ុណ្ណោះទេ ប៉ុន្តែបានទម្លាយសំណាញ់ទីរបស់ព្រះខ័នរាជស្វាយរៀង២គ្រាប់នៅវគ្គទី ១។

ចំណែកឯព្រះខ័នរាជស្វាយរៀងបានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំងប៉ុន្តែនៅតែមិនអាចទម្លាយសម្លាញ់ទីរបស់បឹងកេតបាន រហូតដល់នាទីទី ៩០ ទើបម្ចាស់ផ្ទះរកគ្រាប់បាល់បាន តាមរយៈការតែតរបស់ខ្សែការពារ សារ៉េត គ្រីយ៉ា សរុបទាំងពីរជើងព្រះខ័នរាជស្វាយរៀងបានឈ្នះបឹងកេតដោយលទ្ធផល ៤ទល់ ៣ ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

 

ចំណែកនៅឯកីឡាដ្ឋាន ស្មាត អអេសអិន ក្រុមបាល់ទាត់វិសាខា ក៏ធ្វើបានល្អដែរ ដោយបានទម្លាយសំណាញ់ទីរបស់ម្ចាស់ផ្ទះភ្នំពេញក្រោនដើម្បីនាំមុខ ១ទល់០ នៅវគ្គទី ១ ដោយកីឡាករ Bastos Jonata នៅនាទី ២៩ ។ ហើយភ្នំពេញក្រោនបានព្យាយាមសម្រុកយ៉ាងខ្លាំងរហូតដល់នាទីបន្ថែម ៩០ +១០ ទើបអាចរកគ្រាប់បាល់តាមស្មើ ១ទល់១បាន ដោយខ្សែការពារសញ្ជាតិមីយ៉ាន់ម៉ា SOE MOE KYAW ធ្វើឱ្យក្រុមទាំងពីរត្រូវបន្ថែមម៉ោង ១៥ នាទីពីរដងទៀតដើម្បីកាត់សេចក្តីបន្ត ។

ការបន្ថែម ១៥ នាទីរហូតដល់ពីរដងនេះសម្រាប់ ១៥នាទីដំបូង គ្មានគ្រាប់បាល់ទេ ប៉ុន្តែនៅដើមនាទី ១៥ លើកទី ២ ភ្នំពេញក្រោនរកបានគ្រាប់បាល់ជ័យជំនះ ដោយខ្សែប្រយុទ្ធ លឹម ពិសុទ្ធ មិនអស់ត្រឹមនេះនោះទេ គ្រាប់បាល់បន្ទាប់របស់ប្រាក់ ធីវ៉ាបានរក នៅនាទី ១១៣ ហើយបន្ថែមនៅក្នុងនាទី ១២២ ដោយកីឡាករ Shintaro ទើបធ្វើឲ្យភ្នំពេញក្រោនទទួលបានជ័យជំនះលើវិសាខា ដោយលទ្ធផល ៤ទល់១ បូកសរុបទាំងពីរជើងភ្នំពេញក្រោមឈ្នះ ៦ ទល់៣ ។

 

គួរជម្រាបផងដែរថា នេះជាលើកដំបូងហើយ ដែលភ្នំពេញក្រោនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្ដេចតេជោហ៊ុន សែន ក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយ បន្ទាប់ពីពួកគេធ្លាប់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ចុងក្រោយបំផុតកាលពីឆ្នាំ ២០១០ ហើយនៅក្នុងវគ្គផ្ដាច់ព្រ័ត្ររដូវកាលនេះ ភ្នំពេញក្រោន ត្រូវជួបជាមួយក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ៦ ល្ងាច៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២