បុរសម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេ បានរត់ចូលរថយន្តកុងតឺន័រឱ្យរថយន្តកិនបែកក្បាលខ្ទេចបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ បុរសម្នាក់កំពុងដើរតាមដងផ្លូវសុខៗមិនដឹងថាមានវិបត្តិអ្វីបានរត់ចូលរថយន្តកុងតឺន័រកិនខ្ទេចក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ខេង សុខិត អាយុ៣៩ឆ្នាំ មានទីលំនៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរឆ្លងផ្លូវពីជើងទៅត្បូង ផុតពីម៉ូតូកង់បីហើយ រត់ចូលរថយន្តកុងតឺន័រ ម៉ាកMITSUBISHI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-3711 កំពុងបើកពីកើតទៅលិច បណ្តាលឱ្យកិនជនរងគ្រោះ បែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តបានបន្តបើកទៅមុខ បានចម្ងាយជាង១០០ម៉ែត្រ ទើបឈប់ អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ ស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តប្រគល់ឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២