ម្សិលមិញនេះ យុគ យក្សផ្លែទៅធ្វើព្យុះភ្លៀងនៅលើសង្វៀន Mas Fight ធ្វើឱ្យអ្នកគាំទ្រសរសើរ និងស្រែកហ៊ោរកញ្ជៀវឡើងកងរំពងពេញសង្វៀន

ភ្នំពេញ៖ ជើងខ្លាំងគុនខ្មែរប៉ះអ្នកលេងគុនមកពីប្រទេសចិន លូ ជីហ្វូ បានវាយគ្នារហូតបែកហូរលោហិតផ្អើលអស់អ្នកគាំទ្រពេញសង្វៀន បង្ហើរសម្រែកហ៊ោរ កញ្ជៀវគាំទ្រ លើកមេដៃសរសើរគ្រប់គ្នានាល្ងាចថ្ងៃអាទិត្យទី២១ ខែមេសានេះ។

ជំនួបគូមិត្តភាពអន្តរជាតិគុនខ្មែរ-ចិន វាយលក្ខណៈគុនខ្មែរត្រឹមតែមួយទឹកសោះធ្វើឱ្យកីឡាករយុគ យក្សផ្លែ បែកលោហិតហូរស្រោចពេញផ្ទៃមុខដោយសារកណ្តាប់ដៃកីឡាករចិន ហើយត្រូវបានអាជ្ញាកណ្តាលរាប់ ។

ក្រោយពីការរាប់ម្តងរួចមកយុគ យក្សផ្លែនៅតែបន្តការប្រកួតដោយវាយប្តូរកណ្តាប់ដៃមិនសំចៃ កាន់តែធ្វើឱ្យអ្នកគាំទ្របន្តទស្សនាមិនព្រិចភ្នែកស្រែកបោះព្រីយ៉ុងយ៉ាងកងរំពង​ ទោះបីប៉ះអ្នកខ្លាំង ប៉ុន្តែជើងចាស់គុនខ្មែររូបនេះនៅតែធ្វើបានយ៉ាងល្អ ហើយបង្ហាញពីភាពតស៊ូជាខ្លាំងនៅលើសង្វៀនប្រកួត។ក្រោយពីបញ្ចប់៣ទឹកពេញយ៉ាងតានតឹងពេលប្រកាសលទ្ធផលយុគ យក្សផ្លែបានចាញ់ក្រោមថ្វីដៃអ្នកលេងគុនមកពីប្រទេសចិន កីឡាករលូ ជីហ្វូ។

 

តាមការសម្ភាសន៍ជាមួយយុគ យក្សផ្លែ បានឱ្យដឹងថា មូលហេតុដែលគេនៅតែស៊ូវាយមិនព្រមឈប់ ទោះបីបែកលោហិតហូរស្រោចពេញផ្ទៃមុខច្រើនយ៉ាងណាក្តី តែគេគិតថា គេវាយមិនទាន់អស់ ហើយបានសុំពេទ្យបន្តការប្រកួតដោយមិនមានបញ្ហារំខានខ្លាំង ហើយបើនិយាយពីកីឡាករចិនវិញ ក៏បែកដូចគ្នាដែរគ្រាន់តែគេតិចជាង។

ជើងខ្លាំងគុនខ្មែររូបនេះបានបន្តទៀតថា ដៃគូរបស់គេល្អក្នុងការវាយដៃ ហើយគេបានកម្ពស់ជាង ទើបខ្លួនភ្លាត់ចូលកែង ហើយចំណុចខ្សោយរបស់កីឡាករចិននោះគឺពោះទឹក។

 

គួរជំរាបផងដែរថា «យុគ យក្សផ្លែក៏បានផ្ញើរសារអរគុណ និងសូមទោសទៅកាន់អ្នកគាំទ្រ ហើយប្រសិនបើស្ថានីយ៍ទូរទស្សថោនផ្តល់ឱកាសឱ្យម្តងទៀត គេនឹងប្តេជ្ញាថានឹងធ្វើឱ្យបានល្អជាងនេះ»៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២