រំភើបជំនួសរកឯណាបាន! មាស២គីឡូក្រាម កំពុងរងចាំជម្រើសជាតិបាល់ទះកម្ពុជា ប្រកួតឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥ នៅប្រទេសថៃ

ភ្នំពេញ៖ មាស២គីឡូក្រាម កំពុងរងចាំជម្រើសជាតិបាល់ទះកម្ពុជាឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥ នៅប្រទេសថៃ ក្រោយពីក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាកំពុងតែធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានការចាប់អារម្មណ៍ និងញញើតខ្លះៗដែរ ក្រោយការប្រកួត SEA Gamesពីរលើកជាប់គ្នាកន្លងមក កម្ពុជាទទួលបានលទ្ធផលជាទីគាប់ចិត្ត ពោលគឺឈ្នះមេដាយសំរិទ្ធនៅប្រទេសវៀតណាមឆ្នាំ២០២១ និងមេដាយប្រាក់ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣។

ដោយឃើញក្រុមជម្រើសជាតិបាល់ទះកម្ពុជាខិតខំប្រឹងប្រែង ហើយដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍កីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន និងខ្លាំងក្លាទៅមុខ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីពម៉ុង បានប្រកាសផ្ដល់ជូននូវមាសសុទ្ធទម្ងន់២គីឡូក្រាម ប្រសិនបើក្រុមជម្រើសជាតិបាល់ទះកម្ពុជា ដណ្ដើមបានមេដាយមាសនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥ នៅប្រទេសថៃ។

គួរជម្រាបផងដែរថា សម្រាប់មាសទម្ងន់២គីឡូក្រាមនេះ អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថា នឹងធ្វើជាមេដាយមាសពិតៗតែម្ដង ដូច្នេះកីឡាករជម្រើសជាតិកម្ពុជាត្រូវប្រឹងប្រែងហ្វឹកហាត់សម្រួចសមត្ថភាព ដើម្បីប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជាពិសេសមុខមាត់ប្រទេសជាតិកម្ពុជា។

ក្រៅពីព័ត៌មានដ៏រំភើបនេះហើយ អ្នកឧកញ៉ា លាង ម៉េង ក៏បានរួមចំណែកឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទះកម្ពុជានូវទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារក្នុងរយៈពេល៥ឆ្នាំស្មើនឹងមួយឆ្នាំ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ។

នេះជាការលើកទឹកចិត្តមួយទៀត ក្រោយពីរយៈពេលចុងក្រោយនេះក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាបានយកចិត្តទុកដាក់ និងសហការគ្នាយ៉ាងល្អក្នុងការនាំយកមុខមាត់ជូនប្រទេសជាតិក្នុងរយៈពេលកន្លងមកនេះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២