ជើងជ្រូក និងអណ្តាតជ្រូកបង្កកខូចគុណភាពទម្ងន់ជិត៣តោនបម្រុងដឹកយកមកចែកចាយក្នុងរាជធានីភ្នំពេញត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេលវេលា

កាលពីវេលាម៉ោង១៥ និង៣០នាទី រសៀលថ្ងៃទី២២ មេសា ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានបញ្ជាឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះប្រតិបត្តិការដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅចំណុចលើផ្លូវវេងស្រេង ជិតស្តុបទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាកHYUNDAI PORTER ពណ៌ខៀវលាយស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១.៥តោន ពាក់ស្លាកលេខកំពង់ស្ពឺ២A-៤១៣៥ ដែលបានដឹកជើងជ្រូក និងអណ្តាតជ្រូកបង្កកមានទម្ងន់២,៧០០គីឡូក្រាម។

បើតាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា បន្ទាប់ពីធ្វើការត្រួតពិនិត្យលើរថយន្តនោះក្រុមការងារជំនាញបានរកឃើញសាច់ជើងជ្រូកបង្កកចំនួន ១កេសក្រដាសស្មើនឹង ១៨គីឡូក្រាម (គ្មានប្រភពច្បាស់លាស់)និងអណ្ដាតជ្រូកបង្កកមានចំនួន ១៤៩កេសក្រដាស់ស្មើនឹង ២,៦៨២គីឡូក្រាម (គ្មានប្រភពច្បាស់លាស់)។ សរុបសាច់បង្កកទាំងអស់មានចំនួន ១៥០កេសក្រដាសស្មើនឹង ២,៧០០គីឡូក្រាម។

បើតាមការឆ្លើយសារភាពសារភាពពីអ្នកបើករថយន្ត ជាមួយតំណាងម្ចាស់ផលិតផលសាច់បង្កកទាំងអស់នេះបានឱ្យដឹងថា គាត់បានដឹកសាច់បង្កកទាំងនេះមកពីខេត្តព្រះសីហនុ រួចឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញនោះទេ។ ចំពោះសាច់បង្កកឬផលិតផលសត្វទាំងអស់នេះបានធុំក្លិន មានសភាពប្រែពណ៌លឿង ខ្មៅ និងខូចគុណភាព អ្នកបើករថយន្តជាមួយតំណាងម្ចាស់សាច់បង្កក បានយល់ព្រមជាមួយក្រុមការងារធ្វើការដឹកជញ្ជូនផលិតផលសត្វបង្កកខាងលើនេះទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍នីតិវិធីច្បាប់៕

      

ប្រភព៖ Sarath Hun

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២