សហព័ន្ធកីឡាគុនខ្មែរល្បុក្កតោកម្ពុជាបើកចំហរចំពោះស្ថាប័នដែលចង់បានគ្រូជំនាញទៅជួយបង្ហាត់ មិនផ្ដោតប្រាក់ចំណេញ

ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ថា ស្ថាប័នណាមួយ ឬគ្រឹះស្ថានអប់រំណាមួយ ដែលចង់បានគ្រូបង្វឹកទៅបង្ហាត់សមាជិក ឬសិស្សខ្លួន អាចទាក់ទងមកសហព័ន្ធដោយផ្ទាល់បាន។

ឯកឧត្ដម វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងនោះបានសង្កត់ធ្ងន់ថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មិនផ្ដោតលើប្រាក់ចំណេញនោះទេ។ ឯកឧត្ដមបន្តថា ព័ត៌មានទាក់ទងទៅនឹងគ្រូបង្វឹកទាមទារប្រាក់ឈ្នួលខ្ពស់នោះ ទំនងជាការទាក់ទងក្រៅផ្លូវការ មិនបានឆ្លងកាត់សហព័ន្ធ។

ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់បែបនេះថា៖ តាមពិតសហព័ន្ធកីឡាល្បុក្កតោរបស់យើងផលិតបានគ្រូច្រើន ដូចនៅខាងកងយោធពលខេមរភូមិន្ទអីបានច្រើនជាងគេ ហើយតាមខេត្តក៏ច្រើន។ ទាក់ទងរឿងគ្រូទាមទារតម្លៃខ្លួនខ្ពស់អីហ្នឹង តាមពិតសហព័ន្ធរបស់យើងមិនដែលគិតរឿងលុយកាសអីទេ។ សហព័ន្ធជាអង្គការកីឡាដែលមិនរកប្រាក់កម្រៃទេ ប្រហែលការទាក់ទងនោះជាការទាក់ទងបុគ្គល ឬក្រៅផ្លូវការ។ អ៊ីចឹងបើចង់បានគ្រូបង្ហាត់ សូមទាក់ទងសហព័ន្ធដោយផ្ទាល់ យើងនឹងផ្ដល់ជំនួយបច្ចេកទេសដល់សំណើទាំងអស់តាមដែលអាចធ្វើទៅបាន។ ដូច្នេះចង់បានអី សូមទាក់ទងជាផ្លូវការដល់សហព័ន្ធ។

ឯកឧត្ដម វ៉ាត់ ចំរើន បានបន្ថែមថា សហព័ន្ធកំពុងពង្រីកការបណ្ដុះបណ្ដាលគ្រូឱ្យបានច្រើន ទាំងគ្រូបង្គោល គ្រូជំនាញចេញពីសហព័ន្ធ ហើយក៏កំពុងរៀបចំផែនការវាយតម្លៃ ឬបញ្ជូនគ្រូទៅកន្លែងណាមួយទៅតាមផែនការរបស់សហព័ន្ធ។

 

«សម្រាប់ទីតាំងរដ្ឋ កងកម្លាំងខេមរភូមិន្ទ នគរបាលអីដែលគេស្នើសុំ យើងនឹងសហការគ្នា និងផ្ដល់គ្រូទៅតាមហ្នឹង។ ចំពោះស្ថាប័នឯកជន ឬសាលាឯកជនអី យើងចរចាគ្នាដើម្បីបានធ្វើការហ្នឹងចេញទាំងអស់គ្នា។ មិនមែនធ្វើបានទាំងអស់ទេ តែនឹងសម្រួល។ សហព័ន្ធមិនយកកម្រៃទេ តែយើងនឹងជួយដល់គ្រូដែលទៅបង្ហាត់។ យើងក៏នឹងរៀបចំតាមកម្រិត ដូចគ្រូកម្រិតលេខ១បានប៉ុន្មាន លេខ២បានប៉ុន្មានអ៊ីចឹងទៅ ហើយកន្លែងណាដែលត្រូវជួយដោយមិនមានកម្រៃ ដូចជួយបង្ហាត់តាមសាលារដ្ឋអី យើងមិនដែលយកកម្រៃទេ។ យើងនឹងធ្វើផែនការនេះឱ្យច្បាស់លាស់។ យើងទាំងអស់គ្នាក៏ស្វាគមន៍ជានិច្ចដល់មតិរិះគន់ដើម្បីស្ថាបនា សម្រាប់កែលម្អចំណុចខ្វះខាតទាំងឡាយ»។នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម វ៉ាត់ ចំរើន។

ជុំវិញតម្លៃខ្លួននេះវិញ លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានឱ្យដឹងបែបនេះថា៖« យើងធ្លាប់ធ្វើការងារនេះជាមួយស្ថាប័នឯកជន គឺបង្ហាត់តាមម៉ោង ដោយសាលាខ្លះមួយម៉ោង៤ដុល្លារ សាលាខ្លះ៩ដុល្លារ តែសរុបម៉ោងប្រចាំសប្ដាហ៍មិនច្រើនទេ មួយសប្ដាហ៍៤ម៉ោង អ៊ីចឹង១ខែ សរុបទៅ៤សប្ដាហ៍ បានត្រឹម១០០ដុល្លារ ឬ១៤០ដុល្លារអីប៉ុណ្ណឹង។ សរុបទៅ ការងារហ្នឹងគ្រាន់តែជាឆន្ទៈផង ក្នុងការរៀបចំការងារហ្នឹង។ តែសម្រាប់សាលាខ្លះ គាត់ទាក់ទងជួលគ្រូឱ្យបង្ហាត់មួយអាទិត្យ ២ថ្ងៃ មួយថ្ងៃ៨ម៉ោង សៅ-អាទិត្យ ឬជាកម្មវិធី after school គាត់ឱ្យ១លានរៀលតែម្ដង អ៊ីចឹងអាហ្នឹងជាចំនួនអតិបរមាហើយ អត់មានអីមិនទទួលយកបានទេ»៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២