មិនដឹងយ៉ាងណា យ៉ាងណីទេ អេ យ៉ានុត លើកនេះ ណាត់ដៃគូចាស់ជាកីឡាការិនីជើងខ្លាំងមកពីប្រទេសចិន ដើម្បីសងសឹក

ភ្នំពេញ៖ ដើម្បីចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក សប្ដាហ៍នេះ Ganzberg បានសហការជាមួយស្ថានីយទូរទស្សន៍ថោនបានណាត់ដៃគូចាស់របស់កីឡាការិនីអ្នកលេងកែងឆេះជង្គង់ហោះ អេ យ៉ានុត មកជួបជម្រះបញ្ជីគ្នាជាថ្មីនាថ្ងៃព្រហស្បតិ៍ទី ២៥ ខែមេសាខាងមុខនេះ។

កីឡាការិនីគុនខ្មែរ អេ យ៉ានុត នឹងត្រូវជួបស្វាគមន៍ដៃគូចាស់ ហើយក៏ជាជំនួបសងសឹកលក្ខណៈឃីកបុកស៊ីងផងដែរ គឺត្រូវតតាំងជាមួយកីឡាការិនី ជើងខ្លាំងមកពីប្រទេសចិន ក្វាង វៃ នៅលើសង្វៀន  Ganzberg រាជសីហ៍ KUN KHMER ។

 

ជួបគ្នាលើកនេះយ៉ានុតត្រូវធ្វើការធ្ងន់ តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់យើង យ៉ានុតបានទទួលស្គាល់ថា កីឡាការិនីដែលមកពីប្រទេសចិន គឺពូកែខាងវាយឃីកបុកស៊ីងខ្លាំង រហូតដល់គេលើកមេដៃពីរ ។

 

នេះជាការសងសឹកលើកទី ២ របស់យ៉ានុត ក្រោយពីជំនួបលើកទីមួយ នៅលើសង្វៀនដដែល កីឡាការិនីគុនខ្មែររូបនេះបានភ្លាត់ស្នៀតចាញ់កីឡាការិនីចិន ដោយការប្រកួតឃីកបុកស៊ីងដូចគ្នា។

 

បើក្រឡេកមកមើលចំណុចខ្លាំងរបស់កីឡាការិនីចិន ដែលជាដៃគូរបស់យ៉ានុត ក្វាងវៃ គឺពូកែខាងលេងកណ្ដាប់ដៃ និងចេញបានធ្ងន់ខ្លាំងណាស់ ហើយរហ័សទៀតផង ។

 

តែយ៉ាងណាមិញ អេ យ៉ានុតក៏បានផ្ញើសារមុនការប្រកួតនេះថា គេបានត្រៀមខ្លួនរួចហើយនឹងធ្វើឲ្យបានល្អអស់ពីសមត្ថភាព ហើយប្ដេជ្ញាថា វាយឲ្យល្អមើល មិនឱ្យអ្នកគាំទ្រខកបំណងឡើយ។

 

ការប្រកួតរវាងកីឡាការិនីជើងខ្លាំងទាំងពីរនឹងធ្វើឡើងនៅក្នុងកម្មវិធី Ganzberg រាជសីហ៍ KUN KHMER នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ កម្មវិធីប្រកួតចាប់ពីម៉ោង ៨:០០យប់តទៅ ទីតាំងនៅលើដីឡូមួយកន្លែង ក្បែរវត្តស្ងួនពេជ្រ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, នៅលើ facebook page TOWN BOXING, TOWN FM 102.25MHZ  និងGANGBERG BEER ផងដែរ ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២